អ៊ីរ៉ង់ដាក់ទណ្ឌកម្មមន្រ្តីអាមេរិក ១០រូប និងស្ថាប័នចំនួន ៤ ដោយចោទពីបទញុះញង់ឱ្យមានអំពើហិង្សា និងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង
តេហេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់បានប្រកាសថា ទីក្រុងតេហេរ៉ង់បានដាក់ទណ្ឌកម្មប្រឆាំងនឹងបុគ្គលជនជាតិអាមេរិកចំនួន ១០រូប និងស្ថាប័នចំនួន ៤ទៀត ពីបទរំលោភសិទ្ធិមនុស្ស ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់អ៊ីរ៉ង់ និងញុះញង់ឱ្យមានអំពើហិង្សា និងកុបកម្មនៅក្នុងប្រទេសអ៊ីរ៉ង់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ នៅថ្ងៃទី០១ វិច្ឆិកា ២០២២។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ខ្លួន ក្រសួងការបរទេសអ៊ីរ៉ង់ បានបញ្ជាក់ថា ទណ្ឌកម្មត្រូវបានដាក់ ដោយផ្អែកលើច្បាប់ដែលបានអនុម័តដោយអាជ្ញាធរអ៊ីរ៉ង់ ដើម្បីប្រឆាំងនឹងការរំលោភសិទ្ធិមនុស្សរបស់សហរដ្ឋអាមេរិក ក៏ដូចជាចលនាបង្កភាពចលាចល និងភេរវករ របស់ខ្លួននៅក្នុងតំបន់។
បុគ្គលអាមេរិកក្នុងបញ្ជីទណ្ឌកម្មមានដូចជា មេបញ្ជាការបញ្ជាការដ្ឋានកណ្តាលអាមេរិក (CENTCOM) លោក Michael Kurilla, មេបញ្ជាការរងរបស់ CENTCOM លោក Gregory Guillot, អនុរដ្ឋមន្រ្តីរតនាគារជាតិអាមេរិក លោក Wally Adeyemo និងបុគ្គលមួយចំនួនទៀត។ បញ្ជីនៃស្ថាប័នជាប់ទណ្ឌកម្មមានដូចជា អង្គការ United Against Nuclear Iran, Central Intelligence Agency, the Ninth Air Force, និងឆ្មាំជាតិរបស់សហរដ្ឋអាមេរិក។
តាមរយៈទណ្ឌកម្មខាងលើនេះ នឹងហាមឃាត់បុគ្គលគោលដៅ មិនឱ្យទទួលបានទិដ្ឋាការ និងចូលទៅក្នុងប្រទេសអ៊ីរ៉ង់ ហើយនឹងបង្កកទ្រព្យសម្បត្តិ និងគណនីធនាគាររបស់ពួកគេដែលមាននៅក្នុងប្រទេសអ៊ីរ៉ង់៕