ម៉ូស្គូ៖ ក្រសួងការបរទេសរុស្ស៊ីបញ្ជាក់ថា ប្រទេសរបស់ខ្លួនបានដាក់ទណ្ឌកម្មផ្ទាល់ លើពលរដ្ឋអាមេរិកចំនួន ២៩នាក់ រួមទាំងអនុប្រធានាធិបតីអាមេរិកលោកស្រី ខាម៉ាឡា ហារីស និងនាយកប្រតិបត្តិក្រុមហ៊ុន Meta លោក Mark Zuckerberg រួមទាំងពលរដ្ឋកាណាដាចំនួន៦១នាក់ទៀត។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ នៅថ្ងៃទី២២ មេសា ២០២២។

ក្រសួងការបរទេសរុស្ស៊ីបន្តថា ពលរដ្ឋអាមេរិកសរុបចំនួន២៩នាក់ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីបញ្ឈប់ (stop list) របស់រុស្ស៊ី ដើម្បីជាការឆ្លើយតបទៅនឹងទណ្ឌកម្មប្រឆាំងទីក្រុងម៉ូស្គូ ដែលដាក់ដោយរដ្ឋបាលលោក ចូ បៃដិន។

បើតាមក្រសួងការបរទេសរុស្ស៊ី មេដឹកនាំកំពូលអាមេរិក អ្នកជំនួញ អ្នកជំនាញ និងអ្នកកាសែត ក៏ដូចជាប្តីប្រពន្ធរបស់មន្ត្រីជាន់ខ្ពស់មួយចំនួនទៀត ដែលស្ថិតក្នុងចំណោមអ្នកនៅក្នុងបញ្ជីបញ្ឈប់ នឹងត្រូវបានបដិសេធមិនអោយចូលក្នុងប្រទេសរុស្ស៊ីសម្រាប់រយៈពេលមិនកំណត់។

ជាមួយគ្នានេះ រុស្ស៊ីក៏បានដាក់បញ្ចូលមន្រ្តីក្នុងជួររដ្ឋាភិបាលកាណាដា ក្រសួងការពារជាតិ និងអ្នកតំណាងប្រព័ន្ធផ្សព្វផ្សាយទៅក្នុងបញ្ជីបញ្ឈប់របស់ប្រទេសខ្លួនផងដែរ ដើម្បីឆ្លើយតបទៅនឹងសកម្មភាពប្រឆាំងរុស្ស៊ី (Russophobic) ដែលបន្តធ្វើឡើងដោយកាណាដា។ បន្ថែមលើនេះ ពលរដ្ឋកាណាដា៦១នាក់ទៀតក៏នឹងត្រូវបានហាមឃាត់មិនឱ្យចូលក្នុងប្រទេសរុស្ស៊ីផងដែរ។

ទន្ទឹមគ្នា ក្រសួងការបរទេសរុស្ស៊ីក៏បានបញ្ជាក់ដែរថា “បញ្ជីបញ្ឈប់” នឹងត្រូវបានពង្រីកក្នុងពេលដ៏ខ្លីខាងមុខ ដើម្បីឆ្លើយតបទៅនឹងសកម្មភាពអរិភាពដែលធ្វើឡើងដោយសហរដ្ឋអាមេរិក និងកាណាដា៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ