ព្រុចសែល៖ ក្រុមប្រឹក្សាសហភាពអឺរ៉ុបបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហភាពអឺរ៉ុប បានអនុម័តកញ្ចប់ទណ្ឌកម្មថ្មី ដែលមានគោលបំណងបង្កើននិងពង្រឹងវិធានការរឹតត្បិតប្រឆាំងនឹងរុស្ស៊ី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ នៅថ្ងៃ០៧ តុលា ២០២២។
បើតាមសេចក្តីថ្លែងការណ៍ខាងលើនេះ ជុំទី ៨ នៃកញ្ចប់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប បានធ្វើឡើងជាការឆ្លើយតបទៅនឹងការកាត់យកទឹកដីរបស់អ៊ុយក្រែនដោយខុសច្បាប់ពីរុស្ស៊ី ក្នុងនោះរួមមានតំបន់ដូណេត, លូហាន់, ខឺសុន និងហ្សាប៉ូរីសហ្ស៊ីយ៉ា។
ប្រធានគណៈកម្មាធិការអឺរ៉ុប លោកស្រី យូស៊ូឡា វ៉ុន ដឺ ឡេយែន បាននិយាយកាលពីសប្តាហ៍មុនថា កញ្ចប់ទណ្ឌកម្មជុំថ្មីនេះនឹងរឹតត្បិតការធ្វើពាណិជ្ជកម្មបន្ថែមទៀត ដើម្បីផ្តាច់ខ្លួន និងប៉ះពាល់ដល់សេដ្ឋកិច្ចរបស់រុស្ស៊ីកាន់តែច្រើន។
វិធានការចុងក្រោយនេះដែរ ក៏បានច្របាច់បញ្ចូលគ្នាជាមួយទណ្ឌកម្មរបស់ក្រុមប្រទេស G7 ដែលមានស្រាប់លើការកំណត់តម្លៃប្រេងរុស្ស៊ី, ពង្រីកការរឹតបន្តឹងលើផ្នែកសេវាកម្ម ការនាំចេញ និងការនាំចូល ហើយបូកបញ្ចូលបុគ្គល និងអង្គភាពបន្ថែមទៀតទៅក្នុងបញ្ជីទណ្ឌកម្ម។
បន្ថែមលើនេះ ក៏រួមបញ្ចូលផងដែរនូវការដាក់ទណ្ឌកម្មលើបុគ្គល និងអង្គភាពដែលបានដើរតួនាទី ក្នុងការរៀបចំការបោះឆ្នោតប្រជាមតិខុសច្បាប់, អ្នកតំណាងនៃវិស័យការពារជាតិរុស្ស៊ី និងបុគ្គលល្បីៗដែលផ្សព្វផ្សាយព័ត៌មានមិនពិតអំពីសង្គ្រាមនៅអ៊ុយក្រែន៕