បរទេស៖ អង្គការសុខភាពពិភពលោក (WHO) កំពុងជំរុញឱ្យបណ្តាប្រទេសអឺរ៉ុប និងអាស៊ីកណ្តាលមួយចំនួនទៀតពន្លឿនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ខណៈដែលការិយាល័យប្រចាំតំបន់របស់ WHO សម្រាប់តំបន់អឺរ៉ុបកំពុងព្រមានថា ជីវិតមនុស្សកន្លះលាននាក់អាចនឹងត្រូវបាត់បង់នៅត្រឹមថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំក្រោយ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន NHK នៅថ្ងៃទី០៥ វិច្ឆិកា ២០២១។

ការិយាល័យនេះបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ម្សិលមិញថា ចំនួនករណីឆ្លងថ្មីៗដែលត្រូវបានបញ្ជាក់កាលពីសប្តាហ៍មុន បានកើនឡើងចំនួន ៦ភាគរយនៅក្នុងប្រទេសចំនួន ៥៣ នៃតំបន់អឺរ៉ុប ដែលរួមមានទាំងករណីឆ្លងនៅអាស៊ីកណ្តាល និងប្រទេសរុស្ស៊ី។ 

ការិយាល័យនេះបានបញ្ជាក់ថា ករណីស្លាប់ដោយសារជំងឺកូវីដ១៩នៅក្នុងតំបន់ក៏បានកើនឡើង១២ភាគរយផងដែរចាប់តាំងពីសប្តាហ៍មុន។ ជាមួយគ្នានេះ នាយកប្រចាំតំបន់របស់អង្គការសុខភាពពិភពលោក (WHO) ប្រចាំតំបន់អឺរ៉ុប លោក Hans Kluge បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ដោយបាននិយាយថា អឺរ៉ុបបានត្រលប់មកចំណុចកណ្តាលនៃជំងឺរាតត្បាតវិញហើយ។

ការិយាល័យប្រចាំតំបន់របស់ WHO សម្រាប់តំបន់អឺរ៉ុបក៏បានរាយការណ៍ជារួមផងដែរ ដោយក្នុងនោះមានតែប្រជាជន ៤៧ភាគរយនៅក្នុងតំបន់ប៉ុណ្ណោះ ដែលបានចាក់ថ្នាំបង្ការយ៉ាងពេញលេញ បើទោះបីជាប្រទេសចំនួន ៨ នៅក្នុងតំបន់មានអត្រាការចាក់វ៉ាក់សាំងខ្ពស់ក៏ដោយ។ បើតាមការិយាល័យដដែល អត្រាចាក់វ៉ាក់សាក់នេះគឺស្ថិតនៅទាបប៉ុណ្ណោះ ជាពិសេសនៅក្នុងបាល់ទិក និងអឺរ៉ុបខាងកើត៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ