វ៉ាស៊ីនតោន៖ សេតវិមានបញ្ជាក់ថា លោក ចូ បៃដិន បានផ្ញើសារទៅកាន់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាយ៉ាតុលា អាលី ខាមិនណៃ ដើម្បីព្រមានប្រឆាំងនឹងការវាយប្រហារបន្ថែមទៀតលើកងទ័ពអាមេរិក ចំពេលមានជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី ២៨ តុលា ២០២៣។

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងក្នុងសន្និសិទកាសែតថា រូបលោកបានព្រមានមេដឹកនាំកំពូលអ៊ីរ៉ង់ លោក ខាមិនណៃ អំពីការឆ្លើយតបរបស់ទីក្រុងវ៉ាស៊ីនតោន បើសិននៅតែបន្តមានការវាយប្រហារលើកងទ័ពអាមេរិកទៀត។

ការព្រមានរបស់លោក បៃដិន ខាងលើនេះ បានកើតមានឡើងបន្ទាប់ពីមន្ទីរបញ្ចកោណបានបញ្ជាក់ថា កងកម្លាំងអាមេរិក និងសម្ព័ន្ធមិត្តនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីបានរងការវាយប្រហារយ៉ាងហោចណាស់ ១៦ដង ក្នុងខែតុលានេះ ដោយពួកគេបានស្តីបន្ទោសលើក្រុមជីវពលដែលគាំទ្រដោយអ៊ីរ៉ង់។

ជាការសងសឹក រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡូយដ៍ អូស្ទីន បាននិយាយថា កងកម្លាំងអាមេរិកបានវាយប្រហារទីតាំងចំនួនពីរ នៅស៊ីរីភាគខាងកើត ដែលប្រើប្រាស់ដោយកងឆ្មាំបដិវត្តន៍អ៊ីស្លាមរបស់ប្រទេសអ៊ីរ៉ង់។

ដោយឡែក ប្រមុខការទូតអ៊ីរ៉ង់ក៏បានព្រមាននៅឯអង្គការសហប្រជាជាតិដែរថា ប្រសិនបើការសងសឹករបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្កាហ្សាស្ទ្រីបមិនព្រមចប់ទេ នោះសហរដ្ឋអាមេរិកនឹងមិនរួចខ្លួនពីភ្លើងមួយនេះឡើយ៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ