វ៉ាស៊ីនតោន៖ សេតវិមាននិយាយថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានជំរុញនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ឱ្យការពារអាយុជីវិតជនស៊ីវិលនៅតំបន់ហ្គាហ្សា ខណៈកងកម្លាំងអ៊ីស្រាអែលកំពុងវាយលុកទាំងផ្លូវគោក អាកាស និងសមុទ្រ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព៌ត័មាន AFP នៅថ្ងៃទី២៤ ធ្នូ ២០២៣។
សេតវិមានបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានសង្កត់ធ្ងន់លើតម្រូវការសំខាន់ ដើម្បីការពារប្រជាជនស៊ីវិល រួមទាំងអ្នកផ្តល់ជំនួយមនុស្សធម៌ ជាពិសេសសារៈសំខាន់ក្នុងការអនុញ្ញាតឱ្យជនស៊ីវិលផ្លាស់ទីដោយសុវត្ថិភាព ចេញពីតំបន់កំពុងបន្តប្រយុទ្ធគ្នា។
លោក បៃដិន បានប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានថា លោកបានពិភាក្សាដ៏វែងជាមួយលោក ណេតាន់យ៉ាហ៊ូ ហើយហៅការជជែកគ្នានេះថា ជា “ការសន្ទនាឯកជន” ប៉ុន្តែលោកមិនបានស្នើសុំឱ្យមានបទឈប់បាញ់ទេ។
បើតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន មេដឹកនាំទាំងពីរបានពិភាក្សាពីគោលបំណង និងដំណាក់កាល នៃយុទ្ធនាការយោធារបស់អ៊ីស្រាអែល ក៏ដូចជាសារៈសំខាន់នៃការធានាការដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់ទាំងអស់។
ការសន្ទនារវាងមេដឹកនាំទាំងពីរកើតឡើងមួយថ្ងៃ បន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តលើដំណោះស្រាយមួយ ដែលទាមទារឱ្យមានការបង្កើនការបញ្ជូនជំនួយមនុស្សធម៌ ដល់ប្រជាជនស៊ីវិលប៉ាឡេស្ទីន ដោយសុវត្ថិភាព និងគ្មានការរំខាន ព្រមទាំងបង្កើតលក្ខខណ្ឌឆ្ពោះទៅរកបទឈប់បាញ់មួយប្រកបដោយនិរន្តរភាព៕