អាជ្ញាធររាជធានី-ខេត្តទាំង២៥ ប្ដេជ្ញាពង្រឹងការហាមឃាត់ ប្រើប្រាស់ នាំចូល និងធ្វើអាជីវកម្មបារីអេឡិចត្រូនិក និងផលិតផលអេចឆ៍ ធី ភី (HTPs)
ភ្នំពេញ ៖ អាជ្ញាធរមានសមត្ថកិច្ចទាំង២៥រាជធានី-ខេត្ត នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ បានប្ដេជ្ញាពង្រឹងការហាមឃាត់ ប្រើប្រាស់ នាំចូល និងធ្វើអាជីវកម្មបារីអេឡិចត្រូនិក និងផលិតផលអេចឆ៍ ធី ភី (HTPs) នៅប្រទេសកម្ពុជា ។
អាជ្ញាធរមានសមត្ថកិច្ចទាំង២៥រាជធានី-ខេត្ត រួមមាន ៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អភិបាលរងទទួលបន្ទុកគ្រឿងញៀន, ស្នងការរងនគរបាលទទួលបន្ទុកគ្រឿងញៀន មេបញ្ជាការរងកងអាវុធហត្ថទទួលបន្ទុកគ្រឿងញៀន, អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានចូលរួមសិក្ខាសាលា ស្ដីពីការហាមឃាត់ការប្រើប្រាស់ ការនាំចូល និងការធ្វើអាជីវកម្មបារីអេឡិចត្រូនិក និងផលិតផលអេចឆ៍ ធី ភី (HTPs)។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះ ទោះបីជារាជរដ្ឋាភិបាលបានចេញនូវសេចក្ដីណែនាំហាមឃាត់ការប្រើប្រាស់ ការនាំចូល និងការធ្វើអាជីវកម្មបារីអេឡិចត្រូនិក និងផលិតផលអេចឆ៍ ធី ភី (HTPs) នៅក្នុងព្រះរាជាណាចក្រកម្ពុជា កាលពីឆ្នាំ២០១៤ និងដើមឆ្នាំ២០២១យ៉ាងណាក្ដី ក៏សកម្មភាពនៃការលក់ និងការប្រើប្រាស់នៅមិនទាន់បាត់រលុបចេញពីប្រទេសកម្ពុជានៅឡើយទេ។ ក្នុងពេលបច្ចុប្បន្ន កម្ពុជានៅតែមានអ្នកប្រើប្រាស់ផលិតផលខុសច្បាប់នេះ ហើយពួកគេថែមទាំងហ៊ានបង្ហាញសកម្មភាពនៅលើបណ្ដាញទំនាក់ទំនងសង្គមទៀតផង។
ចំពោះអ្នកនាំចូល និងធ្វើអាជីវកម្មលើផលិតផលខុសច្បាប់ទាំងនេះវិញ គឺបានបញ្ចេញសកម្មភាពលក់យ៉ាងគឃ្លើនមិនថា Post ឬ Live លក់ នៅលើបណ្ដាញទំនាក់ទំនងសង្គម ដូចជា Tik Tok Instagram Telegram និងជាពិសេសគឺ Facebook។ ទាក់ទិននឹងការលក់នៅតាមទីតាំងវិញ ឃើញថាមានភាពលាក់បាំងជាង។ អ្នកលក់ខ្លះលក់នៅទីតាំងក្រោមរូបភាពហាងកាហ្វេ ឬហាងផ្សេងទៀត ឯខ្លះទៀតមានលក្ខណៈជាការណាត់ទីតាំងដើម្បីដោះដូរទំនិញ។
ជុំវិញបញ្ហាខាងលើនេះ អង្គការចលនាដើម្បីសុខភាពកម្ពុជា (CMH) បានលើកឡើងថា ការប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផលអេចឆ៍ ធី ភី (HTPs) គឺមានគ្រោះថ្នាក់ខ្លាំងណាស់ រួមមាន៖ ការផ្ទុះដែលបង្កឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ និងការចម្លងជំងឺពីម្នាក់ទៅម្នាក់ដោយសារការប្រើប្រាស់រួមគ្នា ជាពិសេសជំងឺកូវីដ-១៩។ លើសពីនេះសូលុយស្យុងស្អិត (E-liquid) ដែលប្រើនៅក្នុងបារីអេឡិចត្រូនិក និងផលិតផលអេចឆ៍ ធី ភី គឺមានផ្ទុកនូវសារធាតុគីមីគ្រោះថ្នាក់ជាច្រើនដូចជាសារធាតុគីមីផ្ដល់រសជាតិ នីកូទីន គ្លីសេរីន និងប្រូពីឡែន គ្លីកូលជាដើម។
ជាងនេះទៅទៀត នីកូទីនគឺធ្វើឱ្យញៀនខ្លាំង ចំពោះស្ត្រីមានផ្ទៃពោះគឺធ្វើឱ្យប៉ះពាល់ដល់ការលូតលាស់របស់គភ៌ និងបំផ្លាញការអភិវឌ្ឍសមត្ថភាពខួរក្បាល។ សម្រាប់យុវជន វានឹងធ្វើឱ្យប៉ះពាល់ដល់ការសិក្សា ការចងចាំ ការផ្ចង់អារម្មណ៍ និងជាផ្លូវមួយនាំពួកគេទៅរកការប្រើប្រាស់គ្រឿងញៀនគ្រោះថ្នាក់ផ្សេងទៀតនាពេលអនាគត។ ចំហាយដែលបានមកពីសូលុយស្យុងស្អិតនេះគឺមាសមត្ថភាពនាំយកសារធាតុគីមីគ្រោះថ្នាក់បង្កជំងឺមហារីកចូលទៅក្នុងសួតបានកាន់តែជ្រៅ៕