អង់ការ៉ា៖ ជនល្មើស បានវាយប្រហារដោយគ្រាប់បែកមួយគ្រាប់ នៅតាមផ្លូវកំពុងតែមហាញឹក នៅកណ្ដាលទីក្រុងអ៊ីស្ដាន់ប៊ូល (Istanbul) បានសម្លាប់មនុស្ស ចំនួន៦នាក់ និង ៨១នាក់ផ្សេងទៀត បានរងរបួស ហើយទង្វើដ៏ឃោរឃៅបែបនេះ ត្រូវបានប្រធានាធិបតីតួគី ចាត់ទុកជាសកម្មភាព ជាភេរវកម្ម។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន KENS5 នៅថ្ងៃទី១៤ វិចិ្ឆកា ២០២២

ការបំផ្ទុះគ្រាប់បែកមួយ បានកើតឡើង នៅតាមផ្លូវដ៏មមាញឹក នៅកណ្ដាលទីអ៊ីស្ដាន់ប៊ូល កាលពីថ្ងៃអាទិត្យ ដោយបានសម្លាប់មនុស្ស ចំនួន៦នាក់ និង ៨១នាក់ផ្សេងទៀត រងរបួស។ ចំណែក រថយន្តសង្គ្រោះ បានបើកទៅកាន់កន្លែងកើតហេតុ នៅលើវិថីអ៊ីស្ដីក្លាល (Istiklal) ដើម្បីដឹកបញ្ជូនអ្នករងរបួសទៅសង្គ្រោះ ខណៈប៉ូលិសត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ស្ថិតក្នុងសង្កាត់បេយ៉ូហ្គោ (Beyoglu) ទីក្រុងអ៊ីស្តាន់ប៊ូល ប្រទេសតួកគី ជាទីមានមនុស្សកកកុញតាមធម្មតា នៅចុងសប្តាហ៍ជាមួយនឹងអ្នកដើរទិញអ៊ីវ៉ាន់ ភ្ញៀវទេសចរ និង អ្នកដើរកម្សាន្ដជាលក្ខណៈក្រុមគ្រួសារ។

លោក រេសេប តាយយីប អេដូហ្គេន (Recep Tayyip Erdogan) ប្រធានាធិបតីតួគី បានថ្លែង កាលពីថ្ងៃអាទិត្យ មុនពេលចេញដំណើរទៅកាន់កិច្ចប្រជុំ G-20 ថា ការបំផ្ទុះនេះ ជា«ការវាយប្រហារក្បត់ជាតិ» ហើយបានសន្យាថា ជនល្មើសនឹងត្រូវបានផ្តន្ទាទោស។

លោកប្រធានាធិបតី បានបញ្ជាក់ នៅក្នុងសន្និសីទសារព័ត៌មានមួយ ថា «ប្រជាជនរបស់យើងអាចធានាបាន ថាពិរុទ្ធជន នៅពីក្រោយការវាយប្រហារនេះ នឹងត្រូវតែទទួលទោស ដូចអ្វីដែលពួកគេសមនឹងទទួលបាន»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ