បរទេស៖ ក្រសួងសុខាភិបាលវៀតណាមនិងថៃសុទ្ធតែបានប្រកាសពីការស្លាប់មនុស្សព្រោះជំងឺកូវីដ១៩ ចំនួន២៧១នាក់ដូចគ្នា ក្នុងពេលប្រមាណ២៤ម៉ោងចុងក្រោយ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានក្នុងស្រុកនៃប្រទេសទាំងពីរ។

បើយោងតាមសេចក្ដីរាយការណ៍ដោយសារព័ត៌មាន Bangkok Post បានចេញផ្សាយ នាព្រឹកថ្ងៃទី៣ កញ្ញាថា ក្នុងពេល២៤ម៉ោងចុងក្រោយមកនេះ ថៃមានឆ្លងថ្មី ១៤,៦៥៣នាក់បន្ថែមទៀត និងស្លាប់មនុស្សព្រោះជំងឺនេះចំនួន២៧១នាក់ទៀត។

រីឯទីភ្នាក់ងារព័ត៌មាន VNexpress បានចេញផ្សាយថា កាលពីថ្ងៃ២ កញ្ញា វៀតណាមមានឆ្លងថ្មី ចំនួន១៣,១៨៦នាក់បន្ថែមទៀត និងស្លាប់មនុស្សព្រោះជំងឺនេះចំនួន២៧១នាក់ទៀត ពោលគឺចំនួនមនុស្សស្លាប់គឺដូចនឹងតួលេខរបស់ប្រទេសថៃ ខុសតែចំនួនឆ្លងដែលថៃច្រើនជាង ក្នុងពេលដូចគ្នានេះ។

គួរបញ្ជាក់ថា មកទល់ពេលនេះ ថៃស្លាប់មនុស្សព្រោះជំងឺកូវីដ១៩ ចំនួន១២,៣៧៤នាក់ ខណៈវៀតណាមស្លាប់កើនដល់ ១២,១៣៨នាក់ហើយ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ