ម៉ូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ ថ្លែងថា ដើម្បីបន្តកិច្ចចរចាសន្តិភាពជាមួយទីក្រុងកៀវ ទីក្រុងម៉ូស្គូនឹងរង់ចាំការផ្លាស់ប្តូរជំហររបស់ប្រធានាធិបតីអ៊ុយក្រែនបច្ចុប្បន្ន ឬមេដឹកនាំថ្មីក្នុងពេលអនាគត។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន NHK នៅថ្ងៃ០៦ តុលា ២០២២។

ការអះអាងបែបនេះរបស់រុស្ស៊ីកើតឡើងបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានចុះហត្ថលេខាលើក្រឹត្យមួយ ដែលបដិសេធការចរចាជាមួយនឹងសមភាគីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន។

លោក ប៉េស្កូវ បានប្រាប់អ្នកកាសែតនៅថ្ងៃអង្គារសប្តាហ៍នេះថា សូម្បីតែមុនពេលចាប់ផ្តើមប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែនកាលពីចុងខែកុម្ភៈ ទីក្រុងម៉ូស្គូគឺជាអ្នកគាំទ្រគំនិតនៃការសម្រេចបាននូវលក្ខខណ្ឌ ដែលបានដាក់ចេញដោយភាគីរុស្ស៊ី តាមរយៈមធ្យោបាយការទូត។ លោកថា រុស្ស៊ីនៅតែត្រៀមខ្លួន ដើម្បីស្វែងរកដំណោះស្រាយតាមការចរចាចំពោះជម្លោះរវាងប្រទេសជិតខាងខ្លួន ប៉ុន្តែលោកថា វាត្រូវការភាគីពីរដើម្បីចរចា។

លោក ប៉េស្កូវ បានសង្កត់ធ្ងន់ទៀតថា ឥឡូវនេះ យើងនឹងរង់ចាំប្រធានាធិបតីអ៊ុយក្រែនបច្ចុប្បន្នផ្លាស់ប្តូរជំហររបស់គាត់ ឬការមកដល់នៃមេដឹកនាំអ៊ុយក្រែននាពេលអនាគត ដែលនឹងផ្លាស់ប្តូរជំហររបស់គាត់ ដើម្បីផលប្រយោជន៍របស់ប្រជាជនអ៊ុយក្រែន។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារសប្តាហ៍ លោក ហ្សេលេនស្គី បានចុះហត្ថលេខាលើក្រឹត្យមួយ ស្តីពីការបដិសេធការចរចាសន្តិភាពជាមួយលោក ពូទីន របស់ប្រទេសអ៊ុយក្រែនជាផ្លូវការ។

ការសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិរបស់អ៊ុយក្រែននេះ ធ្វើឡើងកាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅ ប៉ុន្មានម៉ោងបន្ទាប់ពីលោក ពូទីន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការដាក់បញ្ចូលតំបន់ចំនួនបួនរបស់អ៊ុយក្រែន គឺដូណេត, លូហាន់, ខឺសុន និងហ្សាប៉ូរីសហ្ស៊ីយ៉ា ចូលជាទឹកដីរបស់សហព័ន្ធរុស្ស៊ី៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ