អាហ្សង់ទីន យកថ្ងៃទី ២០ ធ្នូ ជាថ្ងៃសម្រាកទូទាំងប្រទេស ដើម្បីអបអរជ័យជម្នះ FIFA World Cup
បរទេស៖ រដ្ឋាភិបាលប្រទេសអាហ្សង់ទីន បានប្រកាសយកថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២២ នេះ ជាថ្ងៃសម្រាកទូទាំងប្រទេស ដើម្បីជាការអបអរការទទួលបានជ័យជម្នះលើការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup ២០២២ រួមទាំងការចូលរួមស្វាគមន៍ការវិលត្រឡប់មកមាតុភូមិវិញរបស់ក្រុមជម្រើសជាតិរបស់ពួកគេផងដែរ។
គួរឱ្យដឹងថា កាលពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅ ពលរដ្ឋអាហ្សង់ទីនរាប់លាននាក់ បាននាំគ្នាកកកុញពេញផ្លូវនានាក្នុងប្រទេស ដើម្បីធ្វើការអបអរសាទរចំពោះក្រុមជម្រើសជាតិរបស់ពួកគេ ដែលបានយកឈ្នះការប្រកួតបាល់ទាត់ពិភពលោក កាន់ពានរង្វាន់ FIFA មកកាន់មាតុភូមិរបស់ពួកគេវិញ ដែលទិដ្ឋភាពដ៏រំភើបមួយនេះដែរ កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីបណ្ដាមហាជនលើពិភពលោក។
គួរបញ្ជាក់ថា យន្តហោះដឹកក្រុមជម្រើសជាតិអាហ្សង់ទីន នឹងធ្វើការចុះចតដល់ព្រលានយន្តហោះ Ezeiza នាទីក្រុង Buenos Aires វេលាម៉ោង ២ និង ២៥ នាទីយប់ (ពេលវេលានៅអាហ្សង់ទីន) ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២២ នេះ។ ក្នុងនោះដែរ កងកម្លាំងប៉ូលិសជាច្រើន ត្រូវបានដាក់ពង្រាយជុំវិញព្រលានយន្តហោះ ខណៈអ្នកគាំទ្រជាច្រើនបានត្រៀមប្រមូលផ្ដុំស្វាគមន៍ក្រុមកីឡាករតំណាងប្រទេសវិលត្រឡប់មកវិញ៕