គ្រោះរញ្ជួយដីកម្រិត ៦.៤រ៉ិចទ័រ អង្រួនភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា បណ្តាលឲ្យមនុស្ស ២នាក់ស្លាប់ និងរាប់ពាន់នាក់គ្មានថាមពលប្រើប្រាស់
កាលីហ្វ័រញ៉ា៖ គ្រោះរញ្ជួយដីកម្រិត ៦.៤រ៉ិចទ័រ បានវាយប្រហារនៅឆ្នេរសមុទ្រភាគខាងជើងនៃរដ្ឋកាលីហ្វ័រញ៉ា ក្នុងថ្ងៃអង្គារសប្តាហ៍នេះ បណ្តាលឱ្យខូចខាតផ្ទះសម្បែង ផ្លូវ និងប្រព័ន្ធទឹក ខណៈដែលលំនៅដ្ឋានរបស់ប្រជាជន និងអាជីវកម្មរាប់ម៉ឺនកន្លែងដាច់ចរន្តអគ្គិសនីប្រើប្រាស់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី ២១ ធ្នូ ២០២២៕
ជាមួយគ្នានេះ ការិយាល័យប៉ូលិសក្នុងតំបន់ Humboldt County បានបញ្ជាក់ថា យ៉ាងហោចណាស់មនុស្ស១១នាក់រងរបួស និង២នាក់ផ្សេងទៀតបានស្លាប់ បន្ទាប់ពីការវាយប្រហារពីគ្រោះរញ្ជួយដីដ៏កក្រើកនេះ។
បើតាមនាយកដ្ឋានព្រៃឈើ និងការការពារអគ្គិភ័យរដ្ឋកាលីហ្វ័រញ៉ា គ្រោះរញ្ជួយដីនៅចម្ងាយ ៣៥០គីឡូម៉ែត្រភាគខាងជើងនៃទីក្រុង San Francisco បានបណ្តាលឱ្យលេចធ្លាយឧស្ម័ន ដួលរលំខ្សែភ្លើងផ្គត់ផ្គង់អគ្គិសនី ឆេះអគារមួយកន្លែង ប៉ុន្តែពន្លត់ភ្លើងទាន់ពេល និងបណ្តាលឱ្យអគារពីរផ្សេងទៀតដួលរលំ៕RT