ក្រសួងសុខាភិបាល ប្រកាសរកឃើញករណីជំងឺអុតស្វា លើបុរសម្នាក់អាយុ ២៨ឆ្នាំ នៅសង្កត់ទឹកថ្លា ខណ្ឌសែនសុខ
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែធ្នូនេះ បានប្រកាសឲ្យដឹងថា យោងតាមលទ្ធផលទទួលបានពី វិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ បានបញ្ជាក់ថា មានករណីជំងឺអុតស្វា កើតលើបុរសម្នាក់អាយុ ២៨ឆ្នាំ ដែលមានទីលំនៅក្នុងភូមិប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្រសួងសុខាភិបាលបានឲ្យដឹងបន្តថា នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ បុរសនេះចាប់ផ្ដើមមានរោគសញ្ញា នៅប្រដាប់ភេទ បន្ទាប់មករាលដាលដល់កខាងស្តាំ ថ្ពាល់ កំភួនដៃ និងជើង ហើយបានស្វែងរកការពិគ្រោះ ជំងឺនៅមន្ទីរពេទ្យ និងបញ្ជូនមកធ្វើតេស្តនៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣។
ក្រសួងបញ្ជាក់ថា បន្ទាប់ពីទទួលបានលទ្ធផលវិជ្ជមានវីរុសអុតស្វា អ្នកជំងឺបានដាក់ឱ្យនៅសម្រាកព្យាបាលដាច់ដោយឡែក នៅ ក្នុងមន្ទីរពេទ្យបានយ៉ាងត្រឹមត្រូវ។
ជាមួយគ្នានោះក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និងរាជធានីភ្នំពេញ បាននិងកំពុងសហការ ជាមួយ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលអង្កេតស្រាវជ្រាវយ៉ាងសកម្មស្វែងរកប្រភពចម្លង និងស្វែងរកករណីសង្ស័យ និងអ្នកប៉ះពាល់ដើម្បីទប់ស្កាត់ការចម្លងបន្តទៅអ្នកដទៃទៀតក្នុងសហគមន៍ ព្រមទាំង ធ្វើយុទ្ធនាការអប់រំសុខភាពជូនប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុខាងលើ ៕
អត្ថបទទាក់ទង
-
ក្រសួងសុខាភិបាល ហាមលក់ឱសថ