រ៉ង់ហ្គូន៖ ក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិរបស់មីយ៉ាន់ម៉ា បានប្រកាសពន្យារពេលដាក់ប្រទេសក្នុងភាពអាសន្នរយៈពេលប្រាំមួយខែបន្ថែមទៀត។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ នៅថ្ងៃទី០១ កុម្ភៈ ២០២២៕
សេចក្តីប្រកាសបានបញ្ជាក់ថា ការពន្យារពេលនេះត្រូវបានធ្វើឡើងដើម្បីការរៀបចំចាំបាច់សម្រាប់ការបោះឆ្នោតសកលពហុបក្ស។ ភាពអាសន្នត្រូវបានប្រកាសជាលើកដំបូងនៅក្នុងខែកុម្ភៈ ឆ្នាំ ២០២១ បន្ទាប់ពីរបបយោធាបានឃុំខ្លួនអតីតមេដឹកនាំរដ្ឋាភិបាល រួមទាំងទីប្រឹក្សារដ្ឋ និងប្រធានាធិបតី។
ទន្ទឹមនេះ កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាបានធ្វើការចាប់ខ្លួនមនុស្សរាប់សិបនាក់ នៅក្នុងចំណាត់ការបង្ការទុកជាមុនមួយ ដើម្បីបំផ្លាញចោលផែនការធ្វើកូដកម្មទូទាំងប្រទេសមួយ នៅថ្ងៃអង្គារនេះ ចំខួបមួយឆ្នាំគត់នៃការដណ្តើមអំណាចរបស់យោធាពីរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អោងសាន ស៊ូជី។