ទីក្រុងញូវយ៉ក បានប្រកាសភាពអាសន្ន ដោយសារព្យុះដ៏ខ្លាំង បង្កឲ្យមានជំនន់ទឹកភ្លៀង
បរទេស៖ ទីក្រុងញូវយ៉ក បានប្រកាសភាពអាសន្ន ដោយសារព្យុះដ៏ខ្លាំង បង្កឲ្យមានជំនន់ទឹកភ្លៀង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន BBC នៅថ្ងៃទី៣០ កញ្ញា ២០២៣។
ប្រព័ន្ធរថភ្លើងក្រោមដី ផ្លូវថ្នល់ និងផ្លូវហាយវ៉េជាច្រើនរបស់ទីក្រុង បានជន់លិច ខណៈ ស្ថានីយយ៉ាងតិចមួយ នៅអាកាសយានដ្ឋាន LaGuardia ត្រូវបិទ កាលពីថ្ងៃសុក្រ។
អភិបាលរដ្ឋញូវយ៉កលោកស្រី Kathy Hochul និយាយថា ពេញមួយយប់ តំបន់ខ្លះមានភ្លៀងធ្លាក់ដល់ទៅ ១២.៧សង់ទីម៉ែត្រនិងខ្លះ ១៧.៨សង់ទីម៉ែត្រ។ នេះគឺជាព្យុះដ៏គ្រោះថ្នាក់ និងគំរាមកំហែងដល់អាយុជីវិត។
លោកស្រីបានបង្ហោះនៅលើបណ្តាញសង្គម X ថា “ខ្ញុំសូមប្រកាសភាពអាសន្ននៅទូទាំងទីក្រុងញូវយ៉ក កោះ Long និងជ្រលង Hudson ដោយសារតែភ្លៀងធ្លាក់ខ្លាំង”។ ទន្ទឹមនោះ លោកស្រីក៏បានជំរុញឲ្យប្រជាជន ចាត់វិធានការដើម្បីរក្សាសុវត្ថិភាព និងកុំព្យាយាមធ្វើដំណើរលើផ្លូវលិចទឹក ផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ មិនមានសេចក្តីរាយការណ៍អំពីអ្នកស្លាប់ ឬរបួសធ្ងន់ធ្ងរនោះទេ លើសពីនេះ ភាពអាសន្នក៏ត្រូវបានប្រកាសផងដែរនៅទីក្រុង Hoboken នៃរដ្ឋ New Jersey៕