ប្រេស៊ីល៖ យោងតាមមន្ត្រីបានរាយការណ៍ឱ្យដឹងថា មានគ្រោះធម្មជាតិរអិលបាក់ដី និងទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅក្នុងទីក្រុង Petrópolis ប្រទេសប្រេស៊ីល ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់៩៤នាក់ បាត់បង់ជីវិត ខណៈផ្ទះសម្បែងនៅក្នុងសង្កាត់ត្រូវបានបំផ្លាញយ៉ាងដណ្តំ រីឯរថយន្តជាច្រើនត្រូវបានទឹកគួចហូរនាំយកទៅជាច្រើនគ្រឿង។ ជុំវិញករណីគ្រោះមហន្តរាយនេះ អភិបាលក្រុងបានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ក្រោយទីក្រុងដែលស្ថិតនៅលើភ្នំភាគខាងជើងនៃក្រុង Rio de Janeiro ត្រូវបានវាយប្រហារដោយភ្លៀងធ្លាក់យ៉ាងខ្លាំង។នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន BBC នៅថ្ងៃទី១៧ កុម្ភៈ ២០២២។
ជាការឆ្លើយតប ក្រុមស្វែងរកនិងជួយសង្គ្រោះកំពុងធ្វើសកម្មភាពរុករកអ្នករស់រានមានជីវិត ហើយក្រសួងការពារជនស៊ីវិលជាតិរបស់ប្រទេសប្រេស៊ីល បានសរសេរនៅលើ Twitter ថា រហូតមកដល់ពេលនេះ មនុស្ស ២៤នាក់ត្រូវបានជួយសង្គ្រោះ និងអ្នកស្លាប់ចំនួន ៩៤នាក់។
ទន្ទឹមនឹងនោះ ក៏មានការចែករំលែកវីដេអូនៅលើបណ្តាញសង្គមដែលបង្ហាញពីការខូចខាតដ៏ធ្ងន់ធ្ងរ និងមានរថយន្តជាច្រើនគ្រឿងអណ្តែតតាមផ្លូវនៅក្នុងតំបន់។ នៅសង្កាត់មួយក្នុងចំណោមសង្កាត់ដែលរងគ្រោះខ្លាំងជាងគេ ផ្ទះចំនួន ៨០ខ្នងត្រូវបានគេប៉ាន់ស្មានថា រងការខូចខាតដោយសារទឹកផុលឡើង។
យ៉ាងណាមិញ ប្រធានាធិបតី លោក Jair Bolsonaro ដែលកំពុងធ្វើដំណើរជាផ្លូវការទៅប្រទេសរុស្ស៊ីបាននិយាយថា លោកនឹងរៀបចំជំនួយជាបន្ទាន់សម្រាប់ជនរងគ្រោះ។ លើសពីនេះទៅទៀត ទាហានជាង១៨០នាក់ត្រូវបានដាក់ពង្រាយ ហើយក្រុមស្វែងរកជំនាញបន្ថែមទៀតត្រូវបានគេរំពឹងថានឹងមកដល់។