ប៉ារីស៖ ក្រុមបាតុករជាច្រើនបានប្រមូលផ្តុំគ្នានៅក្នុងទីក្រុងប៉ារីស សម្រាប់សប្តាហ៍ទី៩ហើយ ដើម្បីធ្វើការថ្កោលទោស ក៏ដូចជាប្រឆាំងនឹងច្បាប់ចាក់វ៉ាក់សាំង “កាតព្វកិច្ច” សម្រាប់អ្នកដែលចង់ទៅភោជនីយដ្ឋាន រោងភាពយន្ត និងផ្សារទំនើប ឬធ្វើដំណើរតាមរថភ្លើងចម្ងាយឆ្ងាយ។ នេះបើយោងតាមសេចក្ដីរាយការណ៍ដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៣ កញ្ញា ២០២១៕
បើតាមមន្រ្តីប៉ូលីសបារាំង កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ (ម៉ោងក្នុងតំបន់) មនុស្សប្រមាណ១៤ម៉ឺននាក់បានចូលរួមក្នុងបាតុកម្មនេះ។ នៅថ្ងៃសៅរ៍ គឺជាសប្តាហ៍ទី ៩ ជាប់ៗគ្នា នៃការតវ៉ាប្រឆាំងដែលបានចាប់ផ្តើមនៅពាក់កណ្តាលខែកក្កដា បន្ទាប់ពីរដ្ឋាភិបាលបារាំងរបស់លោក អែម៉ានុយអែល ម៉ាក្រុង បានណែនាំវិធានការមួយ ដែលតម្រូវឱ្យមានការចាក់វ៉ាក់សាំងកាតព្វកិច្ច សម្រាប់អ្នកដែលចង់ទៅទីតាំងខាងលើនេះ។ មុននេះបណ្តាញព័ត៌មានបារាំងបានរាយការណ៍ថា វិធានការនេះ ត្រូវបានគាំទ្រដោយប្រជាជនយ៉ាងតិច ៦៧% ប៉ុណ្ណោះ។
ក្រុមបាតុករបានប្រមូលផ្តុំគ្នានៅតាមដងផ្លូវនៃរដ្ឋធានីរបស់ប្រទេសបារាំង ដើម្បីសម្តែងការមិនពេញចិត្តរបស់ពួកគេ ជាមួយនឹងគោលនយោបាយកូវីដ១៩ សម្រាប់ការតវ៉ារយៈពេល ៩ សប្តាហ៍ជាប់ៗគ្នា។ ក្រុមអ្នកតវ៉ាបានគ្រវីទង់ជាតិបារាំង និងកាន់បដាដែលសរសេរថា “សុខភាពមិនមែនជាអាជីវកម្មទេ”។
គួរបញ្ជាក់ថា ភាពតានតឹងបានផ្ទុះឡើងយ៉ាងឆាប់រហ័សក្នុងអំឡុងពេលបាតុកម្ម ដោយវីដេអូដែលផ្សព្វផ្សាយនៅលើបណ្តាញសង្គមបានបង្ហាញថា ក្រុមបាតុករបានវាយប្រហារទៅប៉ូលីសដោយប្រើរបស់របរផ្សេងៗ ហើយមន្រ្តីប៉ូលីសបានធ្វើការឆ្លើយតបដោយប្រើឧស្ម័នបង្ហូរទឹកភ្នែក និងដំបង៕