តូក្យូ ៖ សារព័ត៌មាន Kyodo បានរាយការណ៍នៅថ្ងៃសុក្រនេះថា នាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga នឹងចុះចេញពីតំណែង ហើយប្រភពគណបក្សបាននិយាយថា លោកនឹងមិនឈរឈ្មោះក្នុងការប្រជែងដឹកនាំគណបក្សកាន់អំណាចនៅខែកញ្ញាឡើយ ដោយកំណត់ដំណាក់កាលអោយមានអ្នកជំនួសលោក បន្ទាប់ពីចូលកាន់តំណែងបានតែមួយឆ្នាំប៉ុណ្ណោះ។

លោក Yoshihide Suga បានមើលឃើញថា ការគាំទ្ររបស់លោកធ្លាក់ចុះក្រោម ៣០% ខណៈដែលប្រទេសនេះកំពុងតស៊ូជាមួយរលកនៃការឆ្លងមេរោគកូវីដ ១៩ ដ៏អាក្រក់បំផុតនៅមុនការបោះឆ្នោតសកលនៅឆ្នាំនេះ។

ការប្រកួតប្រជែងមេដឹកនាំគណបក្សត្រូវបានកំណត់ពេលនៅថ្ងៃទី ២៩ ខែកញ្ញា ហើយអ្នកឈ្នះទាំងអស់ត្រូវបានធានាថានឹងក្លាយជានាយករដ្ឋមន្ត្រីដោយសារតែសំឡេងភាគច្រើនរបស់គណបក្សប្រជាធិបតេយ្យសេរីនិយមនៅក្នុងសភាជាន់ទាប។ រដ្ឋាភិបាលបាននឹងកំពុងពិចារណារៀបចំការបោះឆ្នោតសកលនៅថ្ងៃទី ១៧ ខែតុលា ខាងមុខនេះ។

ជាក់ស្តែង ប្រភពគណបក្សពីរបាន (សូមមិនបញ្ចេញអត្តសញ្ញាណ) ប្រាប់ថា លោក Yoshihide Suga មានគម្រោងផ្លាស់ប្តូរគណៈរដ្ឋមន្រ្តីនិងនាយកប្រតិបត្តិគណបក្សរបស់លោក ប៉ុន្តែផែនការទាំងនោះលែងមានសុពលភាពទៀតហើយ។

ស្របពេលជាមួយគ្នានេះ លោក Fumio Kishida អតីតរដ្ឋមន្ត្រីការបរទេសកំពុងប្រកួតប្រជែងដណ្តើមតំណែងប្រធានគណបក្ស ផងដែរ។ 

គួររំលឹកថា មិនដូចឆ្នាំមុនទេ សមាជិកគណបក្សប្រជាធិបតេយ្យសេរីនិយមថ្នាក់មូលដ្ឋាននឹងបោះឆ្នោតរួមជាមួយសមាជិកសភារបស់ខ្លួនដែលធ្វើឱ្យលទ្ធផលនៃការប្រកួតប្រជែងមេដឹកនាំគណបក្សពិបាកទាយទុកជាមុន។ សមាជិកសភាថ្មីថ្មោងដែលខ្លាចបាត់បង់កៅអីរបស់ពួកគេ អាចនឹងប្រយ័ត្នចំពោះការធ្វើតាមបញ្ជាមន្ត្រីចាស់ៗរបស់ពួកគេ។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ