រុស្ស៊ី អាចនឹងប្រកាសដាក់បញ្ចូលតំបន់ចំនួន៤របស់អ៊ុយក្រែន ឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន
អន្តរជាតិ៖ រដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិអង់គ្លេសបានព្យាករថា រុស្ស៊ីអាចនឹងប្រកាសដាក់បញ្ចូលតំបន់ចំនួន៤របស់អ៊ុយក្រែនក្រោមការគ្រប់គ្រងរបស់ខ្លួននៅក្នុងសប្តាហ៍នេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី២៨ កញ្ញា ២០២២។
ក្រសួងសន្តិសុខជាតិអង់គ្លេសបានប្រកាសថា «ប្រធានាធិបតីរុស្ស៊ី លោកពូទីន អាចនឹងថ្លែងសុន្ទរកថាដំបូងប្រកាសដាក់បញ្ចូលតំបន់ចំនួន៤ក្នុងទឹកដីអ៊ុយក្រែនស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី។ ការបោះឆ្នោតប្រជាមតិកំពុងតែធ្វើឡើងតាំងពីថ្ងៃទី២៣ខែកញ្ញា និងបញ្ចប់ទៅនៅថ្ងៃទី២៧ខែកញ្ញានេះ»។
តាមការប្រកាសរបស់ក្រសួងសន្តិសុខជាតិអង់គ្លេស ប្រធានាធិបតីរុស្ស៊ីនឹងថ្លែងសុន្ទរកថា ទៅកាន់រដ្ឋសភារុស្ស៊ីនាថ្ងៃទី ៣០ខែកញ្ញា ហើយពេលវេលានោះ លោកអាចនឹងប្រកាសដាក់បញ្ចូលតំបន់ស្វ័យភាពដែលទើបតែបោះឆ្នោតប្រជាមតិដោយមានការគាំទ្រខ្ពស់ក្នុងការផ្តាច់ខ្លួនចូល ជាមួយរុស្ស៊ីដូចជាតំបន់គ្រីមៀ។
ប្រភពព័ត៌មានពីសភារុស្សីបានបញ្ជាក់ថា មានតំណាងរាស្ត្រជាច្រើននឹងស្នើឱ្យបើកកិច្ចប្រជុំ ដើម្បីអនុម័តច្បាប់ថ្មីស្តីពីការដាក់បញ្ចូលតំបន់ភាគខាងកើតអ៊ុយក្រែនក្រោមការគ្រប់គ្រងរបស់រុស្សុី។ ការអនុម័តអាចនឹងធ្វើឡើងនៅថ្ងៃទី២៨និងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ៕