តៃវ៉ាន់ដាក់ពង្រាយយន្តហោះចម្បាំងរបស់ខ្លួន បន្ទាប់ពីយន្តហោះចិន១៩គ្រឿង ហោះចូលតំបន់ការពារដែនអាកាស
តៃវ៉ាន់៖ កងទ័ពអាកាសកោះតៃវ៉ាន់បានដាក់ពង្រាយយន្តហោះចម្បាំង បន្ទាប់ពីយន្តហោះយោធាចិនដីគោកចំនួន ១៩គ្រឿង ដែលរួមមានយន្តហោះទម្លាក់គ្រាប់បែក បានហោះចូលតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់កោះនេះ។ នេះបើយោងតាមសេចក្ដីរាយការណ៍មុននេះបន្តិចដោយសារព័ត៌មាន Straitstimes៕
ក្នុងរយៈពេលប៉ុន្មានចុងក្រោយនេះ កោះតៃវ៉ាន់បានប្រឈមនឹងបេសកកម្មម្ដងហើយម្ដងទៀតដោយកងទ័ពអាកាសចិន ដែលជាញឹកញាប់ធ្វើឡើងនៅភាគនិរតីនៃតំបន់ការពារអាកាសក្បែរកោះមួយគ្រប់គ្រងដោយតៃវ៉ាន់។
ក្រសួងការពារជាតិតៃវ៉ាន់និយាយថាបេសកកម្មចិនដីគោកចុងក្រោយនេះមានការចូលរួមពីយន្តហោះចម្បាំង J-16 ចំនួន ១០ គ្រឿង យន្តហោះចម្បាំង Su-30 ចំនួន ៤ គ្រឿង ព្រមទាំងយន្តហោះទម្លាក់គ្រាប់បែក H-6 ចំនួន ៤ គ្រឿង ដែលមានសមត្ថភាពទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ និងយន្តហោះប្រឆាំងនាវាមុជទឹកមួយគ្រឿង។
ក្រសួងនេះនិយាយថាយន្តហោះចម្បាំងរបស់ខ្លួនត្រូវបានបញ្ជូនទៅព្រមានយន្តហោះចិនដីគោក ហើយប្រព័ន្ធមីស៊ីលការពារដែនអាកាសត្រូវបានដាក់ពង្រាយដើម្បីតាមដានសកម្មភាពយន្តហោះទាំងនេះ។ តំបន់ដែលយន្តហោះចិនធ្វើបេសកកម្មគឺមានចម្ងាយជិតឆ្នេរសមុទ្រចិនដីគោក ជាងឆ្នេរសមុទ្រកោះតៃវ៉ាន់។
ប្រទេសចិនតែងតែធ្វើបេសកកម្មបែបនេះដើម្បីបង្ហាញការមិនសប្បាយចិត្តរបស់ខ្លួនចំពោះអ្វីធំដុំដែលកោះតៃវ៉ាន់បានធ្វើ ឬការបង្ហាញការគាំទ្រចំពោះកោះនេះជាពិសេសដោយសហរដ្ឋអាមេរិក ដែលជាអ្នកផ្គត់ផ្គង់អាវុធធំជាងគេសម្រាប់កោះនេះ។ គេមិនដឹងច្បាស់ថាតើអ្វីបានជំរុញចិនឱ្យធ្វើបេសកកម្មលើកនេះទេ។
គួរបញ្ជាក់ថា ប្រទេសចិនបានមើលឃើញកោះតៃវ៉ាន់ជាខេត្តមួយរបស់ខ្លួន ដែលនៅពេលអនាគតត្រូវតែរួបរួមគ្នាវិញដោយប្រើគ្រប់មធ្យោបាយ រួមទាំងការប្រើប្រាស់កម្លាំងបើសិនចាំបាច់៕