យន្ដហោះរបស់ក្រុមហ៊ុន Air India Express ដែលដឹកមនុស្ស១៩០នាក់បានរអិលធ្លាក់ផ្លូវនៅឯព្រលានយន្តហោះមួយក្នុងរដ្ឋ Kerala ភាគខាងត្បូងដោយបានសម្លាប់មនុស្សយ៉ាងតិច១៧នាក់។
មន្ត្រីអាកាសចរណ៍បាននិយាយថា យន្ដហោះធុន Boeing 737 ដែលធ្វើដំណើរចេញពីទីក្រុងឌូបៃបានរអិលធ្លាក់ចេញពីផ្លូវរត់អំឡុងពេលមេឃភ្លៀងនិងដាច់ជាពីរក្រោយពេលចុះចតនៅអាកាសយានដ្ឋាន Calicut។ជើងហោះហើរនេះគឺជាជើងហោះហើរធ្វើមាតុភូមិនិវត្តន៍ជនជាតិឥណ្ឌាដែលជាប់គាំងដោយសារវិបត្តិកូវីដ។
យោងតាមនាយករដ្ឋមន្រ្តីរដ្ឋ Kerala លោក Pinarayi Vijayan បានឲ្យដឹងថា ប្រតិបត្តិការជួយសង្គ្រោះនៅកន្លែងធ្លាក់បានបញ្ចប់ហើយ ហើយអ្នកនៅរស់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងទីក្រុង Calicut និង Malappuram។
មន្រ្តីប៉ូលិសជាន់ខ្ពស់បាននិយាយថា មនុស្សជាង១០០នាក់បានរងរបួសដោយក្នុងនោះ១៥នាក់របួសធ្ងន់។ក្រុមហ៊ុនអាកាសចរណ៍ Air India Express បាននិយាយថា អាកាសយានិកទាំងពីរនាក់ស្ថិតក្នុងចំណោមអ្នកស្លាប់៕SP