ក្រសួងមហាផ្ទៃ បើកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងកម្មវិធីសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ
នៅទីស្តីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃព្រហស្បតិ៍ទី០៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងកម្មវិធីសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយកដ្ឋាននានាចំណុះក្រសួងមហាផ្ទៃ អង្គភាពពាក់ព័ន្ធ និងមន្ត្រីជំនាញជាច្រើនរូបផងដែរ។
លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ មានប្រសាសន៍ថា សន្និបាតឆ្នាំនេះគ្រោងនឹងធ្វើឲ្យមានលក្ខណៈពិសេសជាងឆ្នាំមុនៗ ដើម្បីធ្វើយ៉ាងណាឲ្យមានភាពងាយស្រួល និងខ្លី ប៉ុន្តែខ្លឹម ដែលមានផែនការយុទ្ធសាស្ត្រអនុវត្តគ្រប់ជ្រុងជ្រោយសម្រាប់បម្រើឲ្យផែនការទិសដៅអនុវត្តក្នុងឆ្នាំ២០២១បន្ត។ ក្នុងនេះផងដែរ លោកក៏បានលើកឡើងអំពីការកំណត់យកគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព សម្រាប់ដាក់ចូលផែនការសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ ដោយលោកបានបញ្ជាក់ថា ដោយសារតែគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពនេះ ត្រូវបានរាជរដ្ឋាភិបាល សម្រេចកែលម្អ និងតម្លើងកម្រិតគោលនយោបាយ ពីក្រសួងមហាផ្ទៃ ទៅជាគោលនយោបាយរបស់អន្តរក្រសួងវិញ។
លោកបានស្នើឲ្យសមាជិកអង្គប្រជុំទាំងអស់ចូលរួមផ្តល់យោបល់ឲ្យបានផុសផុល ដើម្បីប្រមូលយកធាតុចូលសម្រាប់កំណត់យកគោលនយោយបាល ភូមិ ឃុំ សង្កាត់មានសុវត្ថិភាពនេះ ដាក់ចូលក្នុងផែនការសន្និបាតក្រសួងក្នុងឆ្នាំនេះ ឲ្យស្របតាមសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ។ ពាក់ព័ន្ធនឹងការងារនេះ លោកក៏បានមានប្រសាសន៍ថា លោកនឹងគោរពស្នើសុំមតិដឹកនាំដ៏ខ្ពង់ខ្ពស់បន្តពីសម្តេចក្រឡាហោម តើគួរយកចំណុចណាខ្លះ ដើម្បីសំយោគដាក់ចូលក្នុងផែនការអនុវត្តសម្រាប់ទិសដៅការងារក្នុងឆ្នាំ២០២១ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ និងសម្រាប់កំណត់វិញ្ញាសារធ្វើការប្រឡងប្រណាំងភូមិ ឃុំ សង្កាត់មានសុវត្ថិភាពផងដែរ។ លើសពីនេះទៀត លោកបានមានប្រសាសន័បន្តថា បច្ចុប្បន្ន គោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាពនេះ មាន៧ចំណុច ជាគោលសំខាន់ៗ ដែលបានដកស្រងយកចេញពីក្របខ័ណ្ឌនានារបស់អន្តរក្រសួង ចូលជានយោបាយរួមមួយនេះ ដែលទាមទារឲ្យមានការចូលរួមអនុវត្តពីគ្រប់ភាគីពាក់ព័ន្ធ។
ក្នុងឱកាសនោះដែរ លោក ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានធ្វើសេចក្តីរាយការណ៍សង្ខេបរួមស្តីពីសេចក្តីព្រាងកម្មវិធីទូទៅ នៃកម្មវិធីសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ ដែលលោកបានរាយការណ៍ថា អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានប្រមូលទិន្នន័យបូកសរុបលទ្ធផលការងាររបស់អង្គភាពពាក់ព័ន្ធទាំងអស់យកមកច្របាច់បញ្ចូលគ្នា ហើយក៏បានបញ្ជូនទៅមកដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវពីអង្គភាពជំនាញ។ ជាងនេះទៀត លោកបន្តថា សេចក្តីព្រាងខ្លឹមសារសម្រាប់កម្មវិធីសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃនេះ អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានប្រជុំពិនិត្យ និងពិភាក្សាចំនួន២លើករួចមកហើយ ដើម្បីដាក់ចូលនៅក្នុងកិច្ចប្រជុំពិនិត្យ ពិភាក្សានៅថ្ងៃនេះ។
លោកក៏បានបន្ថែមថា តាមការគ្រោងទុកនៃកម្មវិធីសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ នៅឆ្នាំនេះ នឹងប្រព្រឹត្តទៅមានរយៈពេលចំនួន០២ថ្ងៃ គឺចាប់ពីថ្ងៃទី២៤-២៥ ខែកុម្ភៈ ឆ្នាំ២០២១ ដែលលោកបានបន្តថា អគ្គលេខាធិការដ្ឋាន ក៏បានរៀបចំកំណត់កាត់បន្ថយសមាសភាពចូលរួមត្រឹមតែ ៣៣៥នាក់ប៉ុណ្ណោះ ដើម្បីកាត់បន្ថយហានីភ័យពីជម្ងឺកូវីដ១៩។ ដោយក្នុងនេះ អគ្គលេខាធិការដ្ឋាន ក៏បានរៀបចំព្រាងរបៀបវារៈ និងបទបញ្ជាផ្ទៃក្នុង បានរួចរាល់សម្រាប់បម្រើឲ្យការងារសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃនេះប្រព្រឹត្តទៅប្រកបដោយភាពរលូន។
លើសពីនេះទៀត លោកក៏បានជម្រាបជូនថា សន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ ក្នុងឆ្នាំនេះនឹងរៀបចំធ្វើពិធីបើកក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងបិទសន្និបាតក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្តល់មតិបូកសរុប និងការផ្តាំផ្ញើដ៏ខ្ពង់ខ្ពស់។
ឆ្លៀតក្នុងឱកាសនោះ លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក៏បានបញ្ជាក់ថា បន្ទាប់ពីសន្និបាតក្រសួងបានធ្វើចប់រួចរាល់ នឹងបន្តធ្វើសន្និបាតរបស់រដ្ឋបាលរាជធានី ខេត្តបន្តទៀត ហើយនិងបញ្ចូលក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានរួមជាមួយគ្នាតែម្តង ហើយលោក បានបន្តថា ក្រសួងមហាផ្ទៃ នឹងចេញវិធានការការពារនានាដល់រដ្ឋបាលរាជធានី ខេត្ត ក្នុងការអនុវត្តពេលធ្វើសន្និបាត ដើម្បីការពារពីការរីករាលដាលនូវជម្ងឺកូវីដ១៩។ លោករំលឹកថា យើងត្រូវតែបន្ថែមបង្កើនវិធានការការពារឲ្យបានតឹងរឹង មិនអាចធ្វេសប្រហែសបានទេ។ ក្នុងនោះ លោក ក៏បានណែនាំដល់សមាជិកអង្គប្រជុំទាំងអស់ត្រូវប្រកាន់ខ្ជាប់ឲ្យបានជាប់ជានិច្ចក្នុងពេលធ្វើកម្មវិធី ឬប្រជុំនានានៅតាមអង្គភាពរបស់ខ្លួន។
ជាចុងក្រោយ រដ្ឋលេខាធិការប្រចាំការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអគ្គលេខាធិការដ្ឋាន និងអង្គភាពនានាដែលបានខិតខំប្រឹងប្រែងប្រមូលធាតុចូលពាក់ព័ន្ធនានាដើម្បីបញ្ចូលជាខ្លឹមសារផែនការរួមមួយដ៏ល្អសម្រាប់ដាក់ចូលក្នុងសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ នាពេលដ៏ខ្លីខាងមុខនេះ៕