អាមេរិក៖ សេតវិមានបានប្រកាសថា ខ្លួននឹងមិនអាចឈានទៅសម្រេចគោលដៅរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 យ៉ាងហោចណាស់១ដូសជូនដល់មនុស្សពេញវ័យរបស់ខ្លួនប្រមាណ ៧០ភាគរយនៅត្រឹមថ្ងៃទី០៤ ខែកក្កដា ដែលជាថ្ងៃបុណ្យឯករាជ្យនោះទេ ខណៈ បច្ចុប្បន្នមានតែរដ្ឋចំនួន១៥ និង ទីក្រុងវ៉ាស៊ីនតោនប៉ុណ្ណោះ ដែលបានសម្រេចនូវគោលដៅនោះ។ នេះបើយោងតាមប្រភព Reuters

ការប្រកាសខាងលើនេះបានកើតមានឡើងក្រោយប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងអនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស កាលពីថ្ងៃសុក្រសប្ដាហ៍មុន បានជំរុញឱ្យជនជាតិអាមេរិកមកទទួលការចាក់វ៉ាក់សាំង ខណៈមានការគំរាមកំហែងពីវីរុសបម្លែងខ្លួនថ្មី Delta ដែលមានប្រភពដើមពីឥណ្ឌា កំពុងបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ។

សូមជម្រាបផងដែរថា យោងតាមទិន្នន័យចុងក្រោយរបស់សហព័ន្ធ ដែលបានធ្វើបច្ចុប្បន្នភាពកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះបង្ហាញថា ប្រជាជនប្រមាណជាង១៥០លាននាក់នៅក្នុងសហរដ្ឋអាមេរិក ឬច្រើនជាង៤៥ភាគរយនៃចំនួនប្រជាជនសរុប បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ពេញលេញ (ពីរដូស) ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ