អឺរ៉ុប៖ Kylian Mbappe រកគ្រាប់បាល់បាន២គ្រាប់ ក្នុងការប្រកួតជ័យជម្នះក្រៅដីជូន Paris Saint-Germain ក្នុងជំនួបទល់នឹង Bayern Munich ក្នុងវគ្គ៨ក្រុមចុងក្រោយ UEFA Champions League ជើងទី១ ដោយលទ្ធផល ២-៣ កាលពីយប់មិញ។

នេះជាជំនួបរវាងក្រុមដែលលេងនៅវគ្គផ្ដាច់ព្រ័ត្រកាលរដូវកាលមុន ហើយការប្រកួតយប់មិញនេះ មានភាពជក់ចិត្តជាងនៅវគ្គផ្ដាច់ព្រ័ត្រ ដោយសារក្រុមទាំងពីរអាចរកគ្រាប់បាល់ទៅវិញទៅមក។

Mbappe ជាអ្នករកគ្រាប់បាល់បើកឆាកនាំមុខសម្រាប់ PSG នៅពេលការប្រកួតចាប់ផ្ដើមបាន៣នាទី ពីការបញ្ជូនដោយ Neymar មុនពេល Marquinhos រកបានគ្រាប់ទី២ នៅ២៥នាទីបន្ទាប់។

យ៉ាងណាមិញ ក្រុមម្ចាស់ផ្ទះមានឱកាសវាយបក២គ្រាប់វិញដោយអតីតកីឡាករ PSG ខ្សែប្រយុទ្ធ Eric Maxim Choupo-Moting និងមួយគ្រាប់ទៀតដោយ Thomas Muller ក្រោយទទួលបានបាល់ដែលស៊ុតហ្វ្រីឃីគដោយ Joshua Kimmich។

គួរបញ្ជាក់ថា ក្រុមរបស់លោក Pochettino នៅតែមានឱកាសរកបានជ័យជម្នះ ដោយការរកគ្រាប់បាល់ទី២របស់ Mbappe ដែលជាក្ដីសង្ឃឹមសម្រាប់ពួកគេសម្រាប់ការប្រកួតជើងទី២នៅទឹកដី Parc de Princes៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ