បាងកក៖ ថៃបន្តឆ្លងជំងឺកូវីដ១៩ ប្រចាំថ្ងៃនិងស្លាប់ដោយសារតែជំងឺនេះ ធ្លាក់ចុះច្រើនគួរឲ្យកត់សម្គាល់ ជាក់ស្តែង នាព្រឹកថ្ងៃទី២០ កញ្ញានេះ ថៃបានប្រកាសថា មានវិជ្ជមានថ្មី ១២៧០៩នាក់ទៀត និងស្លាប់ត្រឹម១០៦នាក់ ក្នុងពេល២៤ម៉ោង។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Bangkok Post នៅថ្ងៃទី២០ កញ្ញា ២០២១។

ក្រសួងសុខាភិបាលថៃក៏បានប្រកាសដែរថា ក្នុងពេល២៤ម៉ោងចុងក្រោយមកនេះ ក្រៅពីឆ្លងថ្មីនិងស្លាប់ធ្លាក់ចុះនោះ ក៏មានអ្នកជំងឺជាង១ម៉ឺននាក់ទៀតត្រូវបានព្យាបាលឲ្យជាសះស្បើយដែរ។ 

ចំនួនឆ្លងប្រចាំថ្ងៃនេះ គឺបន្តធ្លាក់ចុះ ក្នុងមួយរយៈចុងក្រោយនេះ ពោលគឺធ្លាក់ចុះគួរឲ្យកត់សម្គាល់ បើធៀបនឹងកាលពីប៉ុន្មានសប្តាហ៍មុន មួយថ្ងៃៗ ឆ្លងចន្លោះពី១៥០០០នាក់ទៅក្បែរ២ម៉ឺននាក់ រីឯស្លាប់វិញ ក៏ដូចគ្នា ពេលនោះ ស្លាប់ចន្លោះពីជាង២០០នាក់ទៅជិត៣០០នាក់។ ម្សិលមិញនេះ ថៃក៏បានប្រកាសថា ឆ្លងថ្មីត្រឹមជាង១៣០០០នាក់ និងស្លាប់ ១១៧នាក់។

ចាប់តាំងពីកើតមានជំងឺកូវីដ១៩ ដំបូង កាលពីដើមឆ្នាំ២០២០មក ថៃមានឆ្លងសរុប ១,៤៨៩,១៦៨នាក់ហើយ ជាសះស្បើយសរុប ១,៣៤១,៣៦៣នាក់ ខណៈចំនួនមនុស្សស្លាប់វិញ កើនដល់១៥៤៦៩នាក់ហើយដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ