អង្គការចលនាដើម្បីសុខភាពកម្ពុជា ៖ ដំឡើងពន្ធផលិតផលថ្នាំជក់ រដ្ឋទទួលចំណូលបន្ថែម និងកាត់បន្ថយការឆ្លងជំងឺកូវីដ-១៩
ភ្នំពេញ៖ លោក មុំ គង់ នាយកប្រតិបត្តិនៃអង្គការចលនា ដើម្បីសុខភាពកម្ពុជា បានថ្លែងថា ដំឡើងពន្ធផលិតផលថ្នាំជក់ រដ្ឋនឹងទទួលចំណូលបន្ថែមទៀត ជាពិសេសនោះ កាត់បន្ថយការឆ្លង រីករាលដាលនៃជំងឺកូវីដ-១៩។
ការលើកឡើងរបស់ លោក មុំ គង់ ក្រោយពីអត្រាពន្ធថ្នាំជក់នៅកម្ពុជា មានកម្រិតទាបខ្លាំងណាស់ ត្រឹមតែ២៨%ប៉ុណ្ណោះ ធៀបទៅនឹងប្រទេសអាស៊ាន ដូចជា ៖ ប្រ៊ុយណេ, ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, ភូមា, សិង្ហបុរី, ហ្វីលីពីន និងថៃ សុទ្ធតែមានអត្រាពន្ធ លើផលិតផលថ្នាំជក់ លើស ៥០% ធៀបតម្លៃលក់រាយ។
ក្រោយបញ្ចប់កម្មវិធីប្រកួត និយាយសាធារណៈវគ្គផ្ដាច់ព្រ័ត្រ «វិធានការពន្ធថ្នាំជក់ និងជំងឺកូវីដ-១៩» នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ លោក មុំ គង់ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា វិធានការដំឡើងពន្ធផលិតផលថ្នាំជក់ ត្រូវបានអ្នកវិទ្យាសាស្ដ្រ រកឃើញថា គឺជាវិធានការឈ្នះៗ សម្រាប់កាត់បន្ថយអ្នកជក់បារី ព្រមទាំងកាត់បន្ថយជំងឺផ្សេងៗ។
លោក បានបញ្ជាក់ថា «ក្នុងបរិទកូវីដ-១៩ ដែលយើងត្រូវចំណាយយ៉ាងច្រើន សម្រាប់ថែរក្សាសុខភាព។ ទាក់ទងទៅនឹងការ រីករាលនៃជំងឺកូវីដនេះ វារិតតែមានសារៈសំខាន់បន្ថែមទៀត ដែលយើងត្រូវដំឡើងពន្ធ លើផលិតផលថ្នាំជក់ រួមមាន ៖ ទទួលប្រាក់ចំណូលពន្ធបន្ថែម និងកាត់បន្ថយការ រីករាលដាលនៃជំងឺកូវីដ-១៩»។
លោក ក៏បានពន្យល់ថា ការជក់បារីបង្កឲ្យមានជំងឺផ្សេងៗជាច្រើន ជាពិសេសគឺបណ្ដាលឲ្យខូចសួត។ ដូច្នេះ អ្នកជក់បារីប្រឈមនឹងគ្រោះថ្នាក់ ដល់អាយុជីវិតកាន់តែធ្ងន់ធ្ងរ បើពួកគេឆ្លងជំងឺកូវីដ១៩។ ម្យ៉ាងទៀត ការជក់បារីក៏បង្កើន ឱកាសនៃការឆ្លងជំងឺកូវីដ-១៩ ដោយសារការប៉ះពាល់ផ្ទាល់រវាងដៃ មាត់ និងបារី ធ្វើឲ្យមានហានិភ័យខ្ពស់ក្នុងការឆ្លង។
សូមបញ្ជាក់ថា ការប្រើប្រាស់ផលិតផលថ្នាំជក់ ជាបន្ទុកមួយសម្រាប់រដ្ឋាភិបាលដោះស្រាយ ដោយសារការប្រើប្រាស់ផលិតផល ថ្នាំជក់បង្កឲ្យប្រជាពលរដ្ឋ ឈឺ ស្លាប់ ពិការ ក្នុងនោះ ប្រជាពលរដ្ឋកម្ពុជាប្រមាណ ១៥០០០នាក់ បានស្លាប់ដោយសារតែការជក់បារី។ មិនតែប៉ុណ្ណោះ ការប្រើប្រាស់ថ្នាំជក់ធ្វើឲ្យខាតបងថវិការប្រមាណ ៦៤៩លានដុល្លារ ដែលស្មើនឹង ៣ភាគរយ នៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា។
គួរឲ្យកត់សម្គាល់ផងដែរថា កម្មវិធីប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះ មានការចូលរួមពីយុវជនឆ្នើម ចំនួន៥នាក់ ដែលត្រូវបានជ្រើសរើស ក្នុចំណោមយុវជនជាច្រើន នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយចំណាត់ថ្នាក់ជ័យលាភី ៣រូប នឹងត្រូវបានជ្រើសរើសជាមួយ នឹងពានរង្វាន់កិត្តិយស ២រូបទៀត នៅវគ្គផ្ដាច់ព្រ័ត្រនេះ ៕