(ភ្នំពេញ)៖ ក្រសួងសាធារណៈការ និងដឹកជញ្ជូន នៅល្ងាចថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ បានជូនដំណឹងពីការរកឃើញមន្ដ្រីចំនួន៣រូប ឆ្លងជំងឺកូវីដ១៩។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា មន្ត្រីរាជការចំនួន០៣រូប របស់ក្រសួងបានជួប និងប៉ះពាល់ដោយផ្ទាល់ជាមួយសាច់ញាតិ ដែលមានផ្ទុកជំងឺកូវីដ-១៩ ហើយក្រោយពីមានអាការៈ និងសុខភាពមិនប្រក្រតី សាមីខ្លួនបានទៅពិនិត្យសុខភាព និងធ្វើតេស្តសំណាករកជំងឺកូវីដ-១៩ កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ ជាលទ្ធផល គឺមានវិជ្ជមានជំងឺកូវីដ-១៩។
គួរបញ្ជាក់ថា មន្ត្រីទាំង០៣រូបនេះ មានអត្តសញ្ញាណរួមមានដូចជា៖ ទី១៖ លោក អ៊ុយ សុវណ្ណារិទ្ធ អនុប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោក, ទី២៖ លោកស្រី គង់ ចន្ធូ អនុប្រធានការិយាល័យ នៃនាយកដ្ឋានរដ្ឋបាល និងទី៣៖ លោក អ៊ុយ សុវណ្ណារ៉ុង ជំនួយការលោក វ៉ាស៊ឹម សុរិយា អនុរដ្ឋលេខាធិការ។