អាមេរិក៖ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសៅរ៍ ទី២៤ ខែមេសា ឆ្នាំ២០២១ បានរាយការណ៍ថា មជ្ឈមណ្ឌលបង្ការ និងទប់ស្កាត់ជំងឺ (CDC) និងទីភ្នាក់ងារចំណីអាហារ និងឱសថអាមេរិក (FDA) បានចេញសេចក្តីថ្លែងការណ៍រួមមួយថា ការសម្រេចឲ្យប្រើវ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុន Johnson & Johnson អាចនឹងត្រូវធ្វើឡើងភ្លាមៗ ប៉ុន្តែវានឹងត្រូវអមជាមួយការព្រមាន ទៅជាមួយគ្នាផងដែរ។ 

លោកស្រី រ៉ូឈែល វ៉ាលែនស្គី នាយក CDC (Rochelle Walensky) បានគូសបញ្ជាក់ប្រាប់ ក្នុងសន្និសីទសារព័ត៌មានមួយថា «យោងទៅលើការវិភាគយ៉ាងស៊ីជម្រៅ វាហាក់ដូចជាមានបញ្ហាមួយ (កំណកឈាម) ប៉ុន្តែហានិភ័យនោះ គឺស្ថិតនៅក្នុងកម្រិតទាបបំផុត»។

ដោយឡែក មន្ត្រីកំពូលរបស់ FDA បានបញ្ជាក់ថា សេចក្តីសម្រេចរបស់ស្ថាប័ននេះ នឹងចេញនៅក្នុងពេលឆាប់ៗ (អាចនៅថ្ងៃសៅរ៍នេះ ពេលវេលានៅអាមេរិក) ដើម្បីឲ្យវ៉ាក់សាំង Johnson & Johnson អាចត្រូវយកទៅប្រើប្រាស់ឡើងវិញបាន។ 

យ៉ាងណាក៏ដោយ សេចក្តីសម្រេចចុងក្រោយ អាចនឹងត្រូវធ្វើឡើងនៅថ្ងៃសៅរ៍សប្តាហ៍នេះ។ សហរដ្ឋអាមេរិកក៏ទំនងជានឹងសម្រេចចិត្ត ដូចអ្វីដែលនិយ័តករឱសថអឺរ៉ុប បានធ្វើរួចទៅហើយផងដែរ នោះគឺការអនុញ្ញាតឲ្យបន្តការប្រើប្រាស់វ៉ាក់សាំង Johnson & Johnson អមដោយការព្រមានពីសុវត្ថិភាព ឬផលប៉ះពាល់នៃវ៉ាក់សាំង ក៏ដូចជាការណែនាំមុននឹងប្រើ ព្រោះវ៉ាក់សាំងប្រភេទនេះមានគុណសម្បត្តិ ច្រើនលើសលុបជាងគុណវិបត្តិ។

គួរបញ្ជាក់ថា វ៉ាក់សាំង Johnson & Johnson ត្រូវបានអាជ្ញាធរអាមេរិក បញ្ជាឲ្យផ្អាកការប្រើប្រាស់ជាបណ្តោះអាសន្នក្រោយវ៉ាក់សាំងប្រភេទ «ចាក់តែមួយដូស» នេះត្រូវបានចាក់ជូនប្រជាជនជាង ៧.២លាននាក់ទៅហើយ។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ