បាងកក៖ ថៃកំពុងរៀបចំផែនការចាក់វ៉ាក់សាំងលាយគ្នាទម្រង់ថ្មីមួយទៀត នៅខែក្រោយនេះ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ គឺជាការចាក់លាយគ្នារវាង AstraZeneca និង Pfizer នេះបើតាមក្រសួងសុខាភិបាលប្រកាស ។ នេះបើយោងតាមសេចក្ដីរាយការណ៍មុននេះបន្តិចដោយសារព័ត៌មាន Bangkok Post។
វេជ្ជបណ្ឌិត Sophon Iamsirithavorn អនុប្រធាន CDC បានអះអាងថា មជ្ឈមណ្ឌលប្រតិបត្តិការកូវីដ១៩របស់ក្រសួងសុខាភិបាលមួយនេះបានអនុម័តគម្រោងចាក់វ៉ាក់សាំង AstraZeneca-Pfizer នេះរួចរាល់ហើយ។
ការចុះឈ្មោះចាក់តាមទម្រង់ថ្មី ត្រូវបានគ្រោងថា នឹងធ្វើនៅខែក្រោយ ពោលគឺបន្ទាប់ពីវ៉ាក់សាំង Pfizer មកដល់ ក្នុងខែកញ្ញានេះ ហើយការសម្រេចចិត្តនេះគឺធ្វើឡើង ផ្អែកតាមអនុសាសន៍ពីអនុគណៈកម្មការ ទទួលបន្ទុកភាពសុំា និងរបកគំហើញស្រាវជ្រាវអន្តរជាតិ នៃប្រទេសថៃ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក Sophon Iamsirithavorn ។
លោកបន្តថា ផ្អែកតាមផែនការចាក់វ៉ាក់សាំងបញ្ជូលគ្នា បែបថ្មីនេះ ពលរដ្ឋមានវ័យ១៨ឆ្នាំ និងច្រើនជាងនេះនឹងត្រូវទទួលការចាក់វ៉ាក់សាំង AstraZeneca ដំបូង និង Pfizer ដូសទី២ នៅចន្លោះពី៤ទៅ១២សប្តាហ៍
គួរបញ្ជាក់ថា បច្ចុប្បន្ននេះ ថៃក៏ចាក់លាយគ្នារវាងស៊ីណូវ៉ាក់ ដូសទី១ និង AstraZeneca ដូសទី២ដែរ បន្ទាប់ពី៣ទៅ៤ សប្តាហ៍៕