ពិតជាមហាសំណាងមែន! បុរសម្នាក់ភ្ជួរដីចម្ការកិនចំមីនតោនផ្ទុះខូចត្រាក់ទ័រស្ទើរទាំងស្រុង តែមិនគ្រោះថ្នាក់ដល់អាយុជីវិត
ខេត្តបាត់ដំបង៖ នេះបើយោងតាមការចុះផ្សាយផេក ហ្វេសប៊ុករបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា លោកពូម្នាក់នេះ អាចចាត់ទុកថាជាមហារសំណាងទៅចុះព្រោះផ្ទុះមីនតោនមួយគ្រាប់ខូចត្រាក់ទ័រស្ទើរទាំងស្រុង តែជនរងគ្រោះត្រឹមតែរងរបួសស្រាល ហេតុការណ៍នេះកើតឡើងនៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១០និង៣០នាទី នៅចំណុចភូមិស្រះចក ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។
មានករណីផ្ទុះមីនតោនមួយករណីក្នុងពេលដែល បុរសជាអ្នកស៊ីឈ្នួលបើកត្រាក់ទ័រភ្ជួរដីចម្ការឱ្យគេឈ្មោះ ឌុល គង់ ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិអូរកណ្ដោល ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង កំពុងបើកបរត្រាក់ទ័រភ្ជួរដីចម្ការមួយកន្លែងជារបស់ឈ្មោះពៅ គឹមហ៊ាង ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅរាជធានីភ្នំពេញ កង់ក្រោយត្រាក់ទ័របានជាន់លើមីនតោនមួយគ្រាប់ដែលកប់ទុកក្នុងដីតាំងពីសម័យសង្រ្គាមបណ្តាលឱ្យផ្ទុះឡើងយ៉ាងកក្រើកដី និងបណ្តាលឱ្យខូខាតត្រាក់ទ័រស្ទើរទាំងស្រុង តែករណីនេះចាត់ទុកថាជាមហារសំណាងណាស់ដែលជនរងគ្រោះគ្រាន់តែទទួលរងរបួសស្រាលតែប៉ុណ្ណោះ។
ភ្លាមៗជនរងគ្រោះត្រូវបាននាំយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន ហើយរហូតដល់ពេលនេះស្ថានភាពជនរងគ្រោះបានល្អប្រសើររួចផុតពីគ្រោះថ្នាក់ដល់ជីវិតហើយ។ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរ បាលស្រុកសំពៅលូនបានបញ្ជាក់ថា ដីចម្ការដែលកើតឧប្បត្តិហេតុផ្ទុះមីនតោននាថ្ងៃនេះ គឺជាដីចម្ការដែលម្ចាស់គាត់បានភ្ជួររាស់ដាំដំណាំជាច្រើនឆ្នាំកន្លងមកហើយ មិនដែលមានឧប្បត្តិហេតុបែបនេះទេ ទើបតែពេលនេះក៏ជួបប្រទះនូវឧប្បត្តិហេតុបែបនេះតែម្តង។
សូមជម្រាបជូនថា ទឹកដីព្រំដែនគឺជាទីតាំងសមរភូមិសង្រ្គាមប្រយុទ្ធគ្នា រវាងគាគីខ្មែរពីអតីតកាល ហើយទីនោះនៅបន្សល់ទុកយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ កប់នៅក្នុងដីនិងនៅលើដីនៅឡើយ។ យូរៗម្តងឧប្បត្តិហេតុ ដែលបង្កដោយយុទ្ធភ័ណ្ឌទាំងនេះ តែងបង្កឱ្យកើតនូវសោកនាដកម្មដល់អាយុជីវិតមនុស្ស និងអន្តរាយទ្រព្យសម្បត្តិទៀតផង ៕