វិស័យសកម្មភាពមីននៅកម្ពុជា ឈានដល់របត់មួយ នៃការគ្រប់គ្រងព័ត៌មានតាមរយៈការប្រើប្រាស់ និងការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មានថ្មី
ភ្នំពេញ ៖ អាជ្ញាធរមីន និងអង្គការ Mine Advisory Group (MAG) នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ បានចុះហត្ថលេខា លើអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីប្រសិទ្ធិភាព នៃការគ្រប់គ្រងព័ត៌មានប្រតិបត្តិការនៅទីវាល ក្រោមជំនួយឧបត្ថម្ភគាំទ្រដោយ កម្មវិធីអភិវឌ្ឍន៍និងស្រាវជ្រាវ ការបោសសម្អាតមីនមនុស្សធម៌ (Humanitarian Demining Research and Development Program_HDR&D) របស់សហរដ្ឋអាមេរិក ។នេះបើយោងតាមគេហ ទំព័រហ្វសប៊ុក របស់អាជ្ញាធរមីន។
លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនបានមានប្រសាសន៍ថា បច្ចុប្បន្ននេះ វិស័យសកម្មភាពមីននៅកម្ពុជា បានឈានដល់របត់មួយ នៃការគ្រប់គ្រងព័ត៌មាន តាមរយៈ ការប្រើប្រាស់ និងការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មានថ្មី ដែលជាផ្នែកមួយយ៉ាងសំខាន់ សម្រាប់ការ គ្រប់គ្រងទិន្នន័យ វិស័យសកម្មភាពមីននៅកម្ពុជា ប្រកបដោយប្រសិទ្ធិភាពខ្ពស់ក្នុងសតវត្ស រ៍ទី២១នេះ។
អាជ្ញាធរមីន ដែលជាសេនាធិការ ឲ្យរាជរដ្ឋាភិបាលកម្ពុជា ផ្នែកវិស័យសកម្មភាពមីន នឹងបន្តគាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការ ដល់គ្រប់ប្រតិបត្តិការ បោសសម្អាត មីនជាតិ-អន្តរជាតិ ដើម្បីធានា ឲ្យការរៀបចំផែនការសកម្មភាពមីន ទទួលបានជោគជ័យនិងស្របតាមផែនការ យុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ គឺកម្ពុជាគ្មានមីនឆ្នាំ២០២៥។
លោកទេសរដ្ឋមន្ត្រី បានបន្តលើកឡើងថា ការធ្វើឲ្យប្រសើរឡើង នូវប្រព័ន្ធគ្រប់គ្រងបច្ចេកវិទ្យាព័ត៌មាន វិស័យមីននៅទូទាំងប្រទេស គឺជាកត្តាចាំបាច់មួយ ដែលយើងទាំងអស់ ត្រូវ យកចិត្ត ទុកដាក់ និងគិតគូឲ្យទាន់ពេលវេលា ដើម្បីឆ្លើយតបនូវតម្រូវការ របស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ដោយអាចទាញយក និងប្រើប្រាស់ព័ត៌មាន ប្រកបដោយគុណភាព និងសុក្រឹតភាព ស្របតាមទំនើបនីយកម្ម នៃបច្ចេកវិទ្យាព័ត៌មានបច្ចុប្បន្ន។
ការរួមចំណែកលើកដំបូង របស់កម្មវិធី HDR&D របស់សហរដ្ឋអាមេរិក តាមរយៈអង្គការ MAG នេះ នឹងជួយពង្រឹង សមត្ថភាពបន្ថែមទៀត ដល់មន្ត្រី-បុគ្គលិកនៅថ្នាក់ជាតិ និងថ្នាក់ ក្រោម ជាតិ របស់អាជ្ញាធរមីនទូទាំង ២៥ រាជធានី-ខេត្ត ដោយអាចប្រមូលនូវទិន្នន័យ បានលឿនជាងមុន និងអាចរាយការណ៍ មកអាជ្ញាធរមីនបានទាន់ពេលវេលា។
លោកទេសរដ្ឋមន្ត្រី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សូមថ្លែងអំណរគុណ ជូនចំពោះ HDR&D និងអង្គការ MAG តំណាងដោយ លោក Shathel Fahs ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរំដោះផ្ទៃដី និងជួយសង្រ្គោះជីវិតប្រជាពលរដ្ឋឲ្យរួចផុតពីការ គម្រាម កំហែង ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ហើយនាថ្ងៃនេះ អង្គការ MAG បាននាំមកនូវកម្មវិធី HDR&D ចូលរួមឧបត្ថម្ភគាំទ្រ ការធ្វើឲ្យប្រសើរឡើង នូវប្រព័ន្ធគ្រប់គ្រងបច្ចេកវិទ្យា ព័ត៌មានវិស័យមីននៅទូទាំងប្រទេសផងដែរ៕EB