លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានឲ្យដឹងថាគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន១១៧គ្រាប់ ដែលត្រូវបានក្រុមស្ថាបនាផ្លូវ និងដាក់លូប្រទះឃើញនៅ តំបន់អភិវឌ្ឍន៍ផ្លូវ និងប្រព័ន្ធលូ នៅក្នុងក្រុងព្រះសីហនុ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ មានដូចជា៖ គ្រាប់កាំភ្លើងធំ១០៥មីលីម៉ែត្រ ចំនួន៦៤គ្រាប់, គ្រាប់៨៥មីលីម៉ែត្រ ចំនួន៤៩គ្រាប់ និងគ្រាប់ប្រភេទកាំជ្រួចចំនួន៤គ្រាប់។ 

លោក ហេង រតនា បានបញ្ជាក់ថាគ្រាប់យុទ្ធភណ្ឌ័មិនទាន់ផ្ទុះ ទាំង១១៧គ្រាប់នេះ ត្រូវបានក្រុមជំនាញអង្គភាពស៊ីម៉ាក់ ប្រមូលគ្រាប់ទាំងអស់នេះវាយតម្លៃគ្រាប់ណាដែលមិនអាចដឹកជញ្ជូនឆ្ងាយបានគឺត្រូវកំទេចនៅតំបន់សុវត្ថភាពនៅក្នុងខេត្តដោយឡែកគ្រាប់ណាដែលអាចដឹកជញ្ជូនឆ្ងាយបានគឺត្រូវយកទៅបន្សាប និងកំទេចចោលនៅតំបន់សុវត្ថិភាពរបស់ស៊ីម៉ាក់នៅខេត្តកំពង់ឆ្នាំង។

គួរបញ្ជាក់ថាពេញ ១ ឆ្នាំ ២០១៩ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានរកឃើញ និងកម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាង ៣៦ ០០០ គ្រាប់នៅលើផ្ទៃដីជិត ៦ ៧០០ ហិកតា នៃតំបន់ចម្ការមីន និងគ្រាប់មិនទាន់ផ្ទុះចំនួន ៤៨៧ ទីតាំងនៅទូទាំងប្រទេស ខណៈដែលរដ្ឋាភិបាល បានប្តេជ្ញាដោះមីនឲ្យអស់នៅត្រឹមឆ្នាំ ២០២៥៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ