ការផ្ទុះជំងឺកូវីដ-១៩ ចំនួន ២០នាក់ នៅក្នុងរោងចក្រ ហីរ៉ាយហ្សិន អៅដរ ខេមបូឌា ក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងអាចនាំមកនៅហានិភ័យខ្ពស់
កំពង់ឆ្នាំង៖ ករណីផ្ទុះជំងឺកូវីដ-១៩ នៅក្នុងរោងចក្រហីរ៉ាយហ្សិន អៅដរ (ខេមបូឌា)ដែលមានទីតាំងស្ថិតនៅក្នុងភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ហើយបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ២០ នាក់ ទៅលើកម្មករកម្មការិនីរោងចក្រ កាលពីថ្ងៃទី១៧ ខែខែឧសភា ឆ្នាំ២០២១កន្លងទៅនេះ ជាករណីចម្លងចូលមកពីក្រៅដែលធ្វើឱ្យមានហានិភ័យខ្ពស់ចំពោះការរីករាល ដាលនៅក្នុងរោងចក្រ និងអាចចូលទៅក្នុងសហគមន៍ផងដែរ។ នេះបើតាមការបញ្ជាក់ពីលោកវេជ្ជបណ្ឌិត ងិន ចាន់សារ៉ត អនុប្រធានមន្ទីរសុខាភិបាល និងជាប្រធានក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង។
លោកបានបញ្ជាក់ទៀតថា បន្ទាប់ពីពិនិត្យសំណាកទៅលើកម្មករកម្មការិនីកាលពីថ្ងៃទី១៧ ខែឧសភាចំនួន៥២នាក់មកពី៥អគារក្នុងរោងចក្រខាងលើនេះលទ្ធផលវិជ្ជមានរហូតដល់២០នាក់ទៅហើយវាស្មើនឹងជិត៥០ភាគរយ(គឺធ្ងន់ ធ្ងរ)ក្នុងនោះបានរកឃើញអ្នកដែលបានប៉ះពាល់មានតាំង ពីកម្មករធម្មតារហូតទៅដល់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់រោងចក្រថែមទៀត បានន័យថាវាគ្រប់ស្រទាប់ចំពោះអ្នកដែលបានប៉ះពាល់ នេះគឺជាហានិភ័យខ្ពស់ ឯការពិនិត្យសំណាករកឃើញមានវិជ្ជមានគ្រប់អាគារវាជាលក្ខណៈរាយប៉ាយ។
បន្ទាប់ពីក្រុមគ្រូពេទ្យចុះទៅពិនិត្យដល់រោងចក្រកាលពីព្រឹកថ្ងៃទី១៧ ខែឧសភាដោយមើលឃើញថាមានសភាពច្របូក ច្របល់ពេកក្រុមការងារក៏បានដកថយមួយជំហ៊ានសិន ដើម្បីមកជជែកគ្នា ថាតើត្រូវធ្វើយ៉ាងម៉េចជាបន្ត។
លោកវេជ្ជបណ្ឌិតបានបន្តឲ្យដឹងទៀតថា ក្រោយពីលោកបានជម្រាបជូនលោកអភិបាលខេត្តពីកម្រិតនៃហានិភ័យថាវានឹងអាចធន់ធ្ងរ ដោយទាមទារឲ្យធ្វើការអង្កេតបន្ថែមទៀតដូច្នេះនៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ ក្រុមការងារនឹងចុះទៅយកសំណាកបន្ត ហើយធ្វើការស្រាវជ្រាវបន្ថែមទៀត ដោយពិនិត្យសំណាកធ្វើតេស្ដទៅលើកម្មករកម្មការិនីចំនួន១០០នាក់សិន ហើយលទ្ធផលវិជ្ជមាននោះយើងនឹងបន្តរកទៀត តែប្រសិនបើការធ្វើតេស្តទៅលើចំនួនកម្មករកម្មការិនី១០០នាក់ហើយលទ្ធផលឃើញវិជ្ជមានច្រើន នោះនឹងអាចធ្វើតេស្តទៅលើកម្មករកម្មការីនីទាំងអស់ដែលមានចំនួនជាង៩,០០០ពាន់នាក់។ ព្រោះនេះវាជាហានិភ័យខ្ពស់សម្រាប់ខេត្តកំពង់ឆ្នាំង ចំពោះការចម្លងវាមានប្រភពចម្លងមកពីភ្នំពេញព្រោះក្រុមរបស់ពួកគាត់បានចេញចូលទីក្រុងភ្នំពេញ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៩ ខែឧសភាឆ្នាំ២០២១នេះ ក្រុមការងារនៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងនិងចុះទៅធ្វើតេស្តសំណាកលើកម្មករកម្មការិនីចំនួន១០០ នាក់ទៀត នៅក្នុងរោងចក្រ ហីរ៉ាយហ្សិន អៅដរ ខេមបូឌា ដែលមានទីតាំងស្ថិតនៅក្នុងភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងបន្ដទៀត៕