ភ្នំពេញ៖ កម្លាំងនគរបាលឈរជើងតំបន់បិទខ្ទប់ នៅចំណុចរង្វង់មូលគួចកាណុង ឃាត់រថយន្តទំនើបមួយគ្រឿងរួមទាំងមនុស្សប្រុសស្រី៤នាក់ (ជនជាតិចិន៣នាក់ ប្រុស០២នាក់) ពាក់ព័ន្ធករណីដឹកជញ្ជូនមនុស្សចេញពីកន្លែងមួយទៅកន្លែងមួយ មិនអនុវត្ត តាមសេចក្ដីសម្រេចរបស់រដ្ឋាភិបាល ក្នុងអំឡុងពេលទប់ស្កាត់រីករាលដាលការឆ្លងជំម្ងឺcovid19។

ប្រតិបត្តិការនេះ ធ្វើឡើងកាលពីវេលាម៉ោង២រសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ នៅចំណុចរង្វង់មូលគួចកាណុង ស្ថិតនៅមូលដ្ឋានសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីមន្រ្តីនគរបាលនៅគោលដៅ បានឲ្យដឹងថា កម្លាំងចម្រុះឈរជើងនៅគោលដៅបានឃាត់រថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក Rolls Royce ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា BRS.7377 ដោយរួមដំណើរក្នុងរថយន្តមាន មនុស្សចំនួន០៤នាក់ ក្នុងនោះអ្នកបើករថយន្តជនជាតិខ្មែរ ជាមន្រ្តីយោធា ឋាន្តរសក្តិ អនុសេនីយ៍ឯក ឈ្មោះ មឿង សាមន ភេទប្រុស និងជនជាតិចិន០៣នាក់ ប្រុស០២ ស្រី០១នាក់។ 

ដោយមានការសង្ស័យត្រូវបានកម្លាំងចម្រុះឃាត់ខ្លួន រួចសួរនាំ បុរសអ្នកបើកបរ បានឲ្យដឹងថា ខ្លួនដឹកជនជាតិពីសណ្ឋាគារមួយកន្លែងពី មូលដ្ឋានសង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន គោលបំណងទៅសណ្ឋាគារសុខា ជ្រោយចង្វារ ទាំងដែលជនជាតិចិនទាំង០៣នាក់នោះ ពុំមានលិខិតអនុញ្ញាត ធ្វើដំណើរឡើយ។

ក្រោយពេលប្រតិបត្តិការ កម្លាំងនគរបាលបានបញ្ជូនខ្លួនមនុស្សទាំង០៤នាក់ រួមទាំងរថយន្ត ទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសួរនាំ និងចាត់ការតាមនីតិវិធី៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ