សហភាពអឺរ៉ុបថា នឹងរក្សាទំនាក់ទំនងការទូតជាមួយរុស្ស៊ីលើបញ្ហាសំខាន់ៗរបស់ពិភពលោក
ព្រុចសែល៖ តំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេសលោក Josep Borrell បានប្រាប់សមាជិកសភាកាលថ្ងៃអង្គារសប្តាហ៍នេះថា ទោះបីជាមានការដាក់ទណ្ឌកម្មលើរុស្ស៊ី និងការគាំទ្រផ្នែកយោធាសម្រាប់អ៊ុយក្រែនក៏ដោយ ក៏សហភាពអឺរ៉ុបត្រូវរក្សាទំនាក់ទំនងការទូតជាមួយទីក្រុងម៉ូស្គូ លើបញ្ហាសំខាន់ៗជាច្រើន ក្នុងនោះរួមមានសន្តិសុខនុយក្លេអ៊ែរ និងការផ្គត់ផ្គង់ស្បៀងអាហារពិភពលោកជាដើម។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Al Jazeera នៅថ្ងៃទី១៤ កញ្ញា ២០២២។
លោក Borrell បានប្រាប់កិច្ចប្រជុំសភាអឺរ៉ុបថា អ្នកការទូតត្រូវបានបណ្តុះបណ្តាលឱ្យនិយាយជាមួយមនុស្សគ្រប់គ្នា ហើយច្បាស់ជាមានរឿងមួយចំនួនដែលយើងត្រូវពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី។
ជាមួយគ្នានេះ លោក Borrell បានលើកឡើងពីបញ្ហាសន្តិសុខជុំវិញរោងចក្រថាមពលនុយក្លេអ៊ែរ ហ្សាប៉ូរីសហ្ស៊ីយ៉ា ដែលរុស្ស៊ីបានចោទប្រកាន់កងកម្លាំងអ៊ុយក្រែនពីការបាញ់ផ្លោង ហើយក៏ជាតំបន់មួយត្រូវការកិច្ចសហប្រតិបត្តិការជាចាំបាច់ផងដែរ។
លោក Borrell បន្ថែមថា សហភាពអឺរ៉ុបនឹងមិនដកថយគោលនយោបាយដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីរបស់ខ្លួនឡើយ ហើយថា វាមានសារៈសំខាន់សម្រាប់យើង ក្នុងការសង្កត់លើចំណុចដែលទណ្ឌកម្មមានប្រសិទ្ធភាព។ លោកថា ប្លុកនេះគួរតែពង្រីកការគាំទ្រផ្នែកយោធារបស់ខ្លួនបន្ថែមទៀតសម្រាប់អ៊ុយក្រែន។
គួរបញ្ជាក់ថា គិតមកទល់ពេលនេះ សហភាពអឺរ៉ុបបានបញ្ចេញកញ្ចប់ជំនួយសេដ្ឋកិច្ចចំនួន ១ពាន់លានអឺរ៉ូ នៃកញ្ចប់ជំនួយសេដ្ឋកិច្ចចំនួន ៩ពាន់លានអឺរ៉ូដល់អ៊ុយក្រែន និងបានផ្តល់ជំនួយយោធាចំនួន ២.៥ពាន់លានអឺរ៉ូដល់ទីក្រុងកៀវ ផងដែរ៕RT