ប្រមុខអគ្គលេខាធិកាការសហប្រជាជាតិ ចោទកូរ៉េខាងជើងបានបង្កើនការគាបសង្កត់លើសិទ្ធិប្រជាជនខ្លួន
យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូធឺរែស បាននិយាយនៅក្នុងរបាយការណ៍ថ្មីមួយ ដែលបានផ្សព្វផ្សាយ ថា កូរ៉េខាងជើងបានបង្កើនការគាបសង្កត់លើសិទ្ធិ និងសេរីភាពរបស់ប្រជាជនរបស់ខ្លួន ហើយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគួរតែពិចារណាបញ្ជូនប្រទេសនេះ ទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ជុំវិញឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិដែលអាចកើតមាន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃទី ០២ កញ្ញា ២០២២។
លោក ហ្គូធឺរែស បានបញ្ជាក់យ៉ាងដូច្នេះថា វានៅតែជារឿងចាំបាច់សម្រាប់សហគមន៍អន្តរជាតិ ក្នុងការឆ្លើយតបទៅនឹងស្ថានភាពសិទ្ធិមនុស្សនៅកូរ៉េខាងជើង រួមទាំងការគាំទ្រដល់ការទទួលខុសត្រូវ ប្រសិនបើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិត្រូវបានគេរកឃើញថា ត្រូវបានប្រព្រឹត្តនៅទីនោះ ដើម្បីជៀសវាងនិទណ្ឌភាព។
លោកថា ប្រការនេះរួមបញ្ចូលទាំងក្រុមប្រឹក្សាសន្តិសុខដែលធ្វើសកម្មភាពដោយខ្លួនឯង ឬតាមអនុសាសន៍របស់មហាសន្និបាត ដើម្បីពិចារណាបញ្ជូនស្ថានការណ៍នេះទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ។
របាយការណ៍បញ្ជូនទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ បានឱ្យដឹងថា មិនមានវឌ្ឍនភាពក្នុងការធានាឱ្យមានការទទួលខុសត្រូវ ចំពោះការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសកូរ៉េខាងជើងនោះទេ ហើយបានលើកឡើងពីករណីដែលបានចងក្រងពីមុន ដែលអាចឈានដល់ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ៕