(ភ្នំពេញ)៖ សមាគមកីឡាបាល់ទាត់ខេត្តព្រៃវែង បានប្រកាសតែងតាំងគ្រូបង្វឹកថ្មី លោក Thongchai Rungreangles ដែលជាជនជាតិថៃ និងកាន់សញ្ញាបត្រកម្រិត AFC Pro License ជាផ្លូវការហើយ បន្ទាប់ពីបែកធ្លាយព័ត៌មានចរចាមអារ៉ាមកន្លងមក ដើម្បីដឹកនាំក្រុមត្រៀមចូលរួមក្របខណ្ឌលីគកំពូលកម្ពុជា លើកដំបូង នារដូវកាលឆ្នាំ២០២១។

ការបង្ហាញគ្រូបង្វឹកថ្មីនេះ ធ្វើឡើងបន្ទាប់ពីសមាគមកីឡាបាល់ទាត់ខេត្តព្រៃវែង បានឈ្នះជើងឯកការប្រកួតជម្រើសជើងឯកបាល់ទាត់លីគទី២ កម្ពុជា ឆ្នាំ២០២០ នៅថ្ងៃទី៣០ ខែមករា កន្លងទៅ។ នេះគឺជាព័ត៌មានដ៏គួរឲ្យចាប់អារម្មណ៍សម្រាប់អ្នកគាំទ្រ ពិសេសក្លិបសមាជិកលីគកំពូលកម្ពុជា ចំពោះការរៀបចំជើងព្រួលរបស់បេក្ខភាពថ្មីនៃលីគកំពូលកម្ពុជាឆ្នាំនេះ។

លោក Thongchai Rungreangles គឺជាគ្រូបង្វឹកវ័យក្មេង ដែលមានបទពិសោធជោគជាំ ដោយលោកធ្លាប់ដឹកនាំក្រុមជម្រើសជាតិយុវជនថៃ U16 និង U19 រួមទាំងក្រុមយុវជនតាមក្លិបមួយចំនួន ដូចជាក្លិប BG Pathum United នៅឆ្នាំ២០១៨-២០១៩ ជាដើម មុននឹងបុរសវ័យ ៣៥ឆ្នាំរូបនេះ ចាកចេញពីទឹកដីកំណើត មកដឹកនាំខេត្តព្រៃវែងដែលសម្បូរដោយធនធានកីឡាករយុវជនពេលនេះ។

គួរបញ្ជាក់ផងថា ខេត្តព្រៃវែង បានឡើងមកបង្គ្រប់កៅអីលីគកំពូលកម្ពុជា ឆ្នាំ២០២១ ជំនួសកៅអីក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី ដែលធ្លាក់ទៅលេងក្របខណ្ឌលីកទី២ វិញ បន្ទាប់ពីព្រៃវែង ដណ្ដើមបានជើងឯកលីគទី២ កម្ពុជា ក្រោយយកឈ្នះក្រុមយុវជន U21 កងយោធពលខេមរភូមិន្ទ ដោយលទ្ធផល ៥-២ ក្នុងវគ្គផ្ដាច់ព្រ័ត្រនៅទឹកដីរបស់ខ្លួន កាលពីចុងសប្ដាហ៍កន្លងទៅ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ