រាជធានីភ្នំពេញ ៖ អ្នកនិពន្ធដ៏ល្បីល្បាញជួបទីណាផ្ដល់សំណើចមិនចេះរីងស្ងួតជូនបងប្អូនដល់ទីនោះលោក ងួន សុបិន បានថ្លែងបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន តាមទូរស័ព្ទឲ្យដឹងថា មកដល់ពេលនេះរូបលោក និងផលិតកម្មថោនបានចែកផ្លូវគ្នាអស់រយៈពេល៤ឆ្នាំមកហើយ ពោលគឺតាំងពីឆ្នាំ២០១៦មកម្ល៉េះ។ ឆ្លៀតក្នុងឱកាសនេះលោកក៏បានប្រកាសបើកភ្លើងខៀវសម្រាប់ការសហការពីគ្រប់ផលិតកម្មទាំងអស់ក្នុងស្រុកដើម្បីក្លាយខ្លួនជាសមាជិកក្នុងតួនាទីទាំងជាអ្នកនិពន្ធចម្រៀង អ្នកដឹកនាំកម្មវិធី សម្ដែង និងកំប្លែង និយាយរួមគឺគ្រប់ជំនាញទាំងអស់ក្នុងសិល្បៈតែម្ដង។

បន្ថែមពីលើការប្រកាសឲ្យដឹងពីការចែកផ្លូវជាមួយផលិតកម្មថោន និងប្រកាសស្វាគមន៍គ្រប់ផលិតកម្មដែលចង់បានរូបលោកនោះ កវីនិពន្ធបទចម្រៀងដ៏ល្បីឲ្យតារាចម្រៀងប្រុសស្រីច្រៀងផ្ទុះខ្លាំងក្លា បានលម្អិតបន្ថែមថា៖ «ក្រោយចប់កុងត្រាលោកបានធ្វើបំពេញការងារឯករាជ្យដោយទទួលគ្រប់ជំនាញតែម្ដងពីបណ្ដាម្ចាស់កម្មវិធី ឬផលិតករ ទាំងនិពន្ធចម្រៀង ដឹកនាំផលិត និងសម្ដែង ហើយតែងចែកជូនសំណើចឲ្យបងប្អូនតាមរយៈកាយវិការ និងទឹកមុខដ៏កំប្លែងរបស់លោក»។

ការថ្លែងបញ្ជាក់របស់លោក ងួន សុបិន នាពេលនេះ បានធ្វើឡើងស្របពេលដែលលើទំព័រហ្វេសប៊ុករបស់អ្នកនិពន្ធល្បីឈ្មោះរូបនេះបានធ្វើការបង្ហោះដោយសង្កត់ធ្ងន់ថា៖ «ខ្ញុំអត់សមត្ថភាព ឬគេមើលមិនឃើញ ចង់សុំគេធ្វើការមិនដឹងសុំតាមណា ផលិតកម្មមួយនគរហ៊ឹមសិល្បៈស្រុកយើងអត់ខ្សែ លំបាកបន្តិចហើយទ្រាំទៀតទៅចាំមើលមានបងប្អូនខាងផលិតកម្មណាឃើញហៅទៅប្រើចាំគិតតាមហ្នឹងទៀតទៅ ហិហិ ងួន សុបិន អើយ ( សៀង ឥលូវឆ្ងាញ់ណាស់)»។

គួរបញ្ជាក់ថាលោក ងួន សុបិន ជាអ្នកនិពន្ធទំនុកច្រៀងដ៏ល្បីឈ្មោះ និងមានបទពិសោធន៍លើវិថីសិល្បៈយ៉ាងក្រាស់ក្រែលគ្រប់ទម្រង់ អ្វីដែលកត់សម្គាល់នោះគឺបទចម្រៀងបែបមនោសញ្ចេតនាដែលចេញពីទឹកដៃនិពន្ធរបស់លោកសុទ្ធសឹងតែទទួលបានការគាំទ្រពីសំណាក់មហាជនតួយ៉ាងបទដែលធ្វើឲ្យគេស្គាល់អ្នកនិពន្ធក្នុងផលិតកម្មថោនរូបនេះកាន់តែច្បាស់ដែលមាន ខេម ជាអ្នកច្រៀងមានដូចជា៖ បទ «ទឹកភ្នែកក្មេងពាល», «ប្រពន្ធខ្ញុំយំនឹកសង្សារ», «ជីវិតអ្នកប្រដាល់», «ថ្ងៃស្អែកអូនការ»។

ក្រៅពីបទដែលបកស្រាយដោយលោក ខេម ដែលបច្ចុប្បន្នកំពុងច្រៀងនៅផលិតកម្មកាឡាក់ស៊ី ក៏នៅមានតារាផ្សេងៗទៀតដែលលោក ងួន សុបិន និពន្ធឲ្យដូចជា៖ មាស សុខសោភា លី អ៊ីវ៉ាធីណា នាយពែកមី លោក សៅ ឧត្តម និងតារាក្នុងផលិតកម្មថោនជាច្រើនរូបទៀតផងដែរ៕ RR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ