ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងឱ្យដឹងថា នៅឆ្នាំ២០២២ ក្រុមប្រឆាំងជ្រុលនិយម និងមជ្ឈដ្ឋានមួយចំនួន បន្ដរកនិតិវិធីបង្កឱ្យមានភាពចលាចល ក្នុងសង្គម ដើម្បីបម្រើឧបាយករណ៍នយោបាយផ្ដួលរលំរាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោតត្រឹមត្រូវ។

នាឱកាសអញ្ជើញបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង បានឱ្យដឹងថា សភាពការណ៍សន្ដិសុខ និងសមិទ្ធផលធំៗ ដែលក្រសួងមហាផ្ទៃ ខិតខំសម្រេចបានក្នុងឆ្នាំ២០២២ ដូចជា ក្នុងរយៈពេល ១ឆ្នាំកន្លងទៅនេះ សភាពការណ៍សន្ដិសុខ និងនៅតាមតំបន់មួយចំនួន រួមទាំងក្នុងក្របខណ្ឌអាស៊ានផងដែរ បញ្ហាប្រឈមកាន់តែតឹនតឹង និងប្រកបដោយហានីភ័យខ្ពស់ ដោយសារការប្រកួតប្រជែងរបស់ប្រទេសមហាអំណាច ព្រមទាំងការផ្ទុះឡើងសង្គ្រាមរវាង រុស្ស៊ី និងអុយក្រែន និងភាពតឹនតឹងនៅច្រកសមុទ្រតៃវ៉ាន និងឧបទ្វីបកូរ៉េ បានធ្វើឱ្យប៉ះពាល់ដល់សន្ដិសុខពិភពលោក ព្រមទាំងបង្កឱ្យមានវិបត្តិនយោបាយ ការទូត សេដ្ឋកិច្ច ស្បៀងអាហារ ជនភៀសខ្លួន និងបណ្ដាលឱ្យបាត់បង់អាយុជីវិតមនុស្សរាប់ម៉ឺននាក់។

សម្ដេចក្រឡាហោម បន្ដថា ការប្រែប្រួលអាកាសធាតុ បានបង្កឱ្យមានគ្រោះធម្មជាតិកាន់តែធ្ងន់ធ្ងរ នៅតាមបណ្ដាប្រទេសនានា ហើយជំងឺកូវីដ-១៩ បានបង្កឱ្យមានផលប៉ះពាល់សុខភាពសាធារណៈ។ ជារួម វិបត្តិ និងបញ្ហាប្រឈមសកលទាំងនេះ បានធ្វើឱ្យសភាពការណ៍ និងសកម្មភាពសន្ដិសុខមិនប្រពៃណី មានការកើនឡើង នៅតាមប្រទេសនានា រួមទាំងប្រទេសកម្ពុជា ផងដែរ។

សម្ដេចក្រឡាហោម បញ្ជាក់ថា «ទន្ទឹមនឹងនេះ នៅផ្ទៃក្នុងប្រទេសក្រុមប្រឆាំងជ្រុលនិយម និងមជ្ឈដ្ឋានមួយចំនួន បានបន្ដខិតខំរកនិតិវិធីបន្ដបង្កឱ្យមានភាពចលាចល វឹកវរ ក្នុងសង្គម ដើម្បីបម្រើឧបាយករណ៍នយោបាយផ្ដួលរលំរាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោត តាមគោលការណ៍លទ្ធប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ ទៅលើរដ្ឋធម្មនុញ្ញា នៃព្រះរាជាណាចក្រកម្ពុជា។

លើសពីនេះ សម្ដេចក្រឡាហោម ស ខេង បញ្ជាក់ឱ្យដឹងថា ប្រឈមមុខនឹងវិបត្តិបញ្ហាប្រឈមខាងលើនេះ ក្រសួងមហាផ្ទៃ បានអនុវត្តយ៉ាងសកម្ម និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ នូវគោលនយោបាយ និងគោលការណ៍នានារបស់រាជរដ្ឋាភិបាលកម្ពុជា បានចូលរួមការពារយ៉ាងរឹងមាំនូវសុខសន្ដិភាព ស្ថិរភាពនយោបាយ ឯករាជ្យ ព្រមទាំងទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទជាដើម។

ជាងនេះទៅទៀត សម្ដេចក្រឡាហោម បានលើកឡើងថា ព្រមជាមួយគ្នានេះអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ បានការពារសុវត្ថិភាពទាំងស្រុងដល់អង្គព្រះមហាក្សត្រ និងសម្ដេចម៉ែ ថ្នាក់ដឹកនាំកំពូលរបស់ជាតិ និងគណៈប្រតិភូអន្ដរជាតិនានា ដែលមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ព្រមទាំងការពារសន្ដិសុខ នៃព្រឹត្តិការណ៍នានា ធ្វើឱ្យព្រឹត្តការណ៍ទាំងនោះប្រព្រឹត្តទៅប្រកបដោយ សេរី ត្រឹមត្រូវ និងមានសុវត្ថិភាពខ្ពស់ផងដែរ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ