រដ្ឋបាលរាជធានីភ្នំពេញ បានចេញនូវ សេចក្ដីជូនដំណឹង ស្ដីពីការពង្វាងចរាចរណ៍លើកំណាត់ផ្លូវលេខ ៣៧១ត្រង់ទីតាំងការដ្ឋានសាងសង់ស្ថានីយ៍បូមទឹកបឹងទំពុន ស្ថិតក្នុងព្រំប្រទល់ខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ។ដោយចាប់ពីថ្ងៃទី២៩ មេសា ដល់ថ្ងៃទី១៣ឧសភា អាជ្ញាធរនឹងពង្វាងការធ្វើចរាចរណ៍លើកំណាត់ផ្លូវ៣៧១ ត្រង់ចំណុចការដ្ឋានសង់ស្ថានីយបូមទឹកបឹងទំពុន ដើម្បីបង្កប់បំពង់បូមទឹកចំនួន២ខ្សែ នៅក្រោមផ្លូវលេខ៣៧១នេះ។

ដោយពលរដ្ឋដែលត្រូវធ្វើដំណើរពីផ្លូវលេខ២៧១ ក្នុងទិសដៅឆ្លងកាត់ផ្លូវ ៣៧១ ត្រូវពង្វាងចរាចរណ៍ត្រង់តាមផ្លូវលេខ២៧១ ឆ្ពោះទៅទិសដៅស្ពានអាកាសស្ទឹងមានជ័យ រួចបត់ឆ្វេងតាមផ្លូវលេខ២១៧។ រីឯការធ្វើចរាចរណ៍ពីផ្លូវលេខ២១៧ ទៅផ្លូវលេខ៣៧១ នៅទីតាំងស្ពានភូមិម័ល ត្រូវពង្វាងចរាចរណ៍ត្រង់តាមផ្លូវលេខ ២១៧ ឆ្ពោះទៅស្ពានអាកាសស្ទឹងមានជ័យ រួចបត់ស្ដាំទៅផ្លូវលេខ ២៧១។ រដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់ទៀតថា ដោយសារផ្លូវពង្វាងបណ្ដោះអាសន្នសងខាងទីតាំងការដ្ឋានតូចចង្អៀត មានតែរថយន្តធុនតូច និងទោចក្រយានរបស់ពលរដ្ឋដែលមានលំនៅដ្ឋាននៅទីនោះប៉ុណ្ណោះ ដែលនឹងត្រូវអនុញ្ញាតឲ្យធ្វើដំណើរឆ្លងកាត់។ 

សូមជម្រាបថា រដ្ឋបាលរាជធានីភ្នំពេញ កំពុងសាងសង់ស្ថានីយបូមទឹកបឹងទំពុនបន្ថែម ដោយបំពាក់ម៉ូទ័រទំហំ១ម៉ែត្រ ចំនួន២គ្រឿង ដែលមានសមត្ថភាពបូមទឹក៦ម៉ែត្រគូប ក្នុង១វិនាទី។ សំណងបន្ថែមនេះនឹងរួមចំណែក ដោះស្រាយបញ្ហាជនលិចនៅភូមិសាស្ត្រខណ្ឌមានជ័យ,ទួលគោក,សែនសុខ និងខណ្ឌពោធិ៍សែនជ័យ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ