កងកម្លាំងអ៊ីស្រាអែល នៅថ្ងៃអាទិត្យ បានចាប់ខ្លួនក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនពីរនាក់ចុងក្រោយ ក្នុងចំណោម ៦ នាក់ ដែលបានរត់ចេញពីគុកសន្តិសុខអ៊ីស្រាអែលជិតពីរសប្តាហ៍មុន ដែលធ្វើឱ្យស្ថាប័នសន្តិសុខរបស់អ៊ីស្រាអែលអាម៉ាស់មុខ។

ស្នងការប៉ូលីសអ៊ីស្រាអែល លោក Yaakov Shabtai បាននិយាយថា សមាជិកពីរនាក់នៃក្រុមសកម្មប្រយុទ្ធជីហាដអ៊ីស្លាមត្រូវបានចាប់ខ្លួនមុនពេលព្រលឹមស្រាងៗ ពីផ្ទះមួយ ក្នុងទីក្រុង Jenin តំបន់ West Bank ដែលកាន់កាប់ដោយប៉ាឡេស្ទីន។

អ្នកនាំពាក្យប៉ូលីសអ៊ីស្រាអែលបានកំណត់អត្តសញ្ញាណបុរសទាំងនោះ មានឈ្មោះ Nayef Kamamji និង Munadel Yacoub Infeiat ។ Nayef Kamamji អាយុ ៣៥ ឆ្នាំ ត្រូវបានចាប់ខ្លួនក្នុងឆ្នាំ ២០០៦ ហើយកំពុងជាប់ពន្ធនាគារអស់មួយជីវិត ហើយ Munadel Yacoub Infeiat អាយុ ២៦ ឆ្នាំ ត្រូវបានចាប់ខ្លួនក្នុងឆ្នាំ ២០១៩ នេះបើយោងតាមក្លឹបអ្នកទោសប៉ាឡេស្ទីន។

គួររំលឹកថា ជនជាតិប៉ាឡេស្ទីនទាំង ៦ នាក់ ដែលបានរត់គេចខ្លួនកាលពីថ្ងៃទី ៦ ខែកញ្ញា បានរូងរន្ធតាមបន្ទប់គុករបស់ពួកគេក្នុងការរត់ចេញ។ មន្រ្តីអ៊ីស្រាអែលនិយាយថា ពួកគេនឹងស៊ើបអង្កេតរាល់ការខ្វះចន្លោះដែលអនុញ្ញាតឱ្យពួកគេរត់គេចខ្លួនបាន។ យ៉ាងណាម៉ិញ មកទល់ពេលនេះ ជនល្មើសទាំង ៦នាក់នោះ ត្រូវបានចាប់ខ្លួនត្រឡប់មកវិញទាំងអស់ហើយ។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ