(អាមេរិក)៖ ភ្នាក់ងារ FBI បានឆ្មក់ចូលឆែកឆេរផ្ទះដែលស្ថិតនៅទីក្រុងវ៉ាស៊ីនតោន និងទីក្រុងញូវយ៉ក ដែលពាក់ព័ន្ធជាមួយលោក Oleg Deripaska ជាមហាសេដ្ឋីរុស្ស៊ីស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់អាមេរិក ដែលធ្លាប់ជួលលោក Paul Manafort ប្រធានយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកឆ្នាំ ២០១៦ របស់លោក Donald Trump ។នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១។

ប្រភពពីរដែលជិតស្និតនឹងការស៊ើបអង្កេតបាននិយាយថា ការិយាល័យរដ្ឋអាជ្ញារបស់សហរដ្ឋអាមេរិកនៅ Manhattan ដែលត្រូវបានគេស្គាល់ថាជាសង្កាត់ខាងត្បូងក្នុងទីក្រុងញូវយ៉ក កំពុងដឹកនាំការស៊ើបអង្កេតទាក់ទងនឹងលោក Deripaska ដែលជាមហាសេដ្ឋីឧស្សាហកម្មលោហធាតុដែលមានទំនាក់ទំនងជាមួយវិមានក្រឹមឡាំង។


ក្នុងទីក្រុងវ៉ាស៊ីនតោន ភ្នាក់ងារ FBI បានបិទ និងឆែកឆេរវិមានមួយនៅសង្កាត់មួយក្នុងចំណោមសង្កាត់ដែលមានអ្នកមានរស់នៅច្រើនជាងគេបង្អស់ក្នុងរដ្ឋធានីសហរដ្ឋអាមេរិក ដោយបានយកប្រអប់មួយចេញពីផ្ទះ ហើយបានហុំព័ន្ធទីកន្លែងដោយខ្សែពណ៌លឿងដែលមានសរសេរអក្សរថា “ទីកន្លែងកើតហេតុ ហាមចូល” ហើយបានសណ្តោងរថយន្តមួយចេញជាមួយផងដែរ។

អ្នកនាំពាក្យការិយាល័យស៊ើបអង្កេតសហព័ន្ធសហរដ្ឋអាមេរិកបានបញ្ជាក់ថា ភ្នាក់ងារនេះកំពុងធ្វើសកម្មភាពអនុវត្តច្បាប់ដែលមានការអនុញ្ញាតពីតុលាការនៅឯគេហដ្ឋាននោះ ដែលកាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ធ្លាប់បានរាយការណ៍ថា មានការពាក់ព័ន្ធជាមួយអ្នកមានអំណាចរុស្ស៊ី។

អ្នកនាំពាក្យមួយរូបទៀតរបស់ការិយាល័យ FBI នៅទីក្រុងញូវយ៉កបានបញ្ជាក់ពី “សកម្មភាពអនុវត្តច្បាប់” ទៅលើគេហដ្ឋានមួយទៀតនៅសង្កាត់ Greenwich Village នាទីក្រុងញូវយ៉ក ប៉ុន្តែបានបដិសេធមិនធ្វើសេចក្តីអត្ថាធិប្បាយបន្ថែមទេ ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ