អន្តរជាតិ៖ នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់លោក Mustafa al-Kadhemi បានថ្កោលទោសការវាយប្រហារតាមផ្លូវអាកាសរបស់អាមេរិក ទៅលើក្រុមប្រដាប់អាវុធដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរី ដោយសម្លាប់យុទ្ធជនយ៉ាងតិច ៧នាក់។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចុះផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យយោធាអាមេរិកបាននិយាយថាខ្លួនបានតម្រង់គោលដៅទីតាំងប្រតិបត្តិការនិងឃ្លាំងអាវុធចំនួនពីរក្នុងប្រទេសស៊ីរីនិងទីតាំងមួយផ្សេងទៀតនៅក្នុងប្រទេសអ៊ីរ៉ាក់។

ការវាយប្រហារកើតឡើងតាមបញ្ជារបស់ប្រធានាធិបតីអាមេរិក Joe Biden ដែលនេះជាលើកទី ២ ហើយដែលលោកបានបញ្ជាឱ្យមានការសងសឹកប្រឆាំងនឹងកងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់ចាប់តាំងពីចូលកាន់តំណែងកាលពី ៥ ខែមុន។

សេចក្តីថ្លែងការណ៍មួយពីការិយាល័យនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់បាននិយាយថា យើងថ្កោលទោសការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកដែលបានវាយប្រហារទីតាំងមួយកាលពីយប់មិញនៅតាមព្រំដែនអ៊ីរ៉ាក់ - ស៊ីរី ដែលជាការទង្វើបំពាន និងមិនអាចទទួលយកបានចំពោះអធិបតេយ្យភាពអ៊ីរ៉ាក់ និងសន្តិសុខជាតិអ៊ីរ៉ាក់ ។

គួរបញ្ជាក់ថា អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាក្រុមយោធា Kataib Hezbollah និង Kataib Sayyid al-Shuhada ស្ថិតក្នុងចំណោមក្រុមជីវពលគាំទ្រដោយអ៊ីរ៉ង់ជាច្រើនដែលបានប្រើប្រាស់ជាទីតាំងគោលដៅ។RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ