ភ្នំពេញ៖ វ៉ាក់សាំង AstraZeneca ចំនួន៣៣ម៉ឺនដូសដែលជាជំនួយរបស់ជប៉ុន នៅយប់ថ្ងៃទី ២៣ កក្កដានេះ បានដឹកមកដល់កម្ពុជាហើយ។សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអញ្ជើញទៅទទួលវ៉ាក់សាំង AstraZenecaនេះ។
រដ្ឋាភិបាលជប៉ុន បានប្រកាសផ្ដល់ជំនួយវ៉ាក់សាំង AstraZeneca ចំនួនប្រមាណ១លានដូសដល់កម្ពុជា។ ជំនួយនេះធ្វើឡើងស្របតាមចំណងមិត្តភាពរវាងជប៉ុន និងកម្ពុជា ដោយផ្អែកលើស្ថានភាពកូវីដ១៩នៅកម្ពុជានាពេលបច្ចុប្បន្ន។
សូមជម្រាបថា រដ្ឋាភិបាលជប៉ុន កាលពីថ្ងៃទី១៣ ខែកក្កដា កន្លងទៅនេះ បានប្រកាសផ្តល់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ អាស្ត្រាហ្សេនីកា (AstraZeneca) ចំនួន ១លានដូស ដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ហើយនៅរាត្រីនេះ វ៉ាក់សាំងជំនួយរបស់ជប៉ុន ដែលដឹកមកកម្ពុជានាពេលនេះ មានចំនួន ៣៣ម៉ឺនដូស ហើយចំនួននៅសល់នឹងដឹកមកជាបន្តបន្ទាប់ទៀត។
ទន្ទឹមនឹងនេះ ជប៉ុនក៏បានផ្ដល់ជាកម្ចីប្រមាណ ២២៧លានដុល្លារអាមេរិក ដែលត្រូវបានប្រើប្រាស់ក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ប្រជាជនដែលរងផលប៉ះពាល់ដោយសារកូវីដ១៩ និងសម្រាប់ការពង្រឹងប្រព័ន្ធសុខាភិបាល។ ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ដែលជាបញ្ហាពិភពលោកនេះ ជប៉ុននឹងបន្តសហការ និងធ្វើការរួមគ្នាជាមួយកម្ពុជាដែលជាមិត្តដ៏សំខាន់របស់ជប៉ុន៕PP