ចាប់បានរថយន្ត៤គ្រឿងបើកគេចវេះប៉ុស្តិ៍ត្រួតពិនិត្យចត្តាឡីស័ក ព្រំប្រទល់ រវាងខេត្តព្រះសីហនុ និងខេត្តកំពត
(ខេត្តព្រះសីហនុ) ៖ រថយន្ត៤គ្រឿងបានបើកគេច វេះប៉ុស្តិ៍ត្រួតពិនិត្យចត្តាឡីស័ក ព្រំប្រទល់រវាងខេត្តព្រះសីហនុ និងខេត្តកំពត នារសៀល ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ហើយត្រូវបានកម្លាំងគណៈបញ្ជាការ ឯកភាពស្រុកព្រៃនប់ ធ្វើការពិន័យអន្តរការណ៍។
សមត្ថកិច្ចស្រុកព្រៃនប់បានឲ្យដឹងថា ករណីទី១៖ រថយន្តម៉ាកKIA ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BH-4776 បើកបរដោយឈ្មោះ ផេង រតនា ភេទប្រុស អាយុ៤៧ឆ្នាំ។
ករណីទី២៖ រថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2T-0439 បើកបរដោយឈ្មោះ អ៊ឹម ឃីម ភេទប្រុស អាយុ៤៦ឆ្នាំ។
ករណីទី៣៖ រថយន្តម៉ាក HYUNDAI ពាក់ស្លាកលេខភ្នំពេញ3F-1173 បើកបរដោយឈ្មោះ តុង ផាន់ណា ភេទប្រុស អាយុ២១ឆ្នាំ។
ករណីទី៤៖ រថយន្តម៉ាកសាំងយ៉ុង ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ3BD-0184 បើកបរដោយឈ្មោះ ណាក់ រ័ត្ន ភេទប្រុស។
យោងតាមច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ត្រង់មាត្រាទី១០ " បទមិនគោរពវិធានការរដ្ឋបាល " ។ដោយមិនគិតដល់បទល្មើសព្រហ្មទណ្ឌដទៃទៀត អំពើដោយចេតនាមិនគោរពវិធានការរដ្ឋបាល ដែលបានដាក់ចេញស្របតាមច្បាប់នេះត្រូវទទួលពិន័យអន្តរការណ៍ពីមួយលានរៀល ទៅប្រាំលានរៀល។ ចំពោះជនដែលប៉ុនប៉ង និងបំផ្លាញសុខភាពសាធារណៈរបស់ជាតិ យើងត្រូវចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត និងគ្មានការលើកលែង។
អាជ្ញាធរសូម ក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមអនុវត្តឱ្យ បានខ្ជាប់ខ្ជួនតាមការណែនាំរបស់រាជរដ្ឋាភិបាល និងការអំពាវនាវរបស់អាជ្ញាធរ ស្រុក ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍៕PP