(ខេត្តពោធិ៍សាត់)៖ កម្លាំងនគរបាលស្រុកវាលវែង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មដា បានឈានដល់ការឃាត់ខ្លួន ជនជាតិវៀតណាម៥នាក់ ពុំមានលិខិតស្នាម លួចឆ្លងដែនចូលមកស្នាក់នៅខេត្ត ព្រះសីហនុបាន២០ថ្ងៃ រួចត្រូវបានមេខ្យល់បញ្ជូនមកធ្វើការនៅកាស៊ីណូថ្មដាបាន ២០ថ្ងៃទៀត។

ការឃាត់ខ្លួនជនជាតិវៀតណាមនេះ បានធ្វើឡើងនៅរសៀល ថៃ្ងទី២១ ខែកុម្ភៈ ឆ្នាំ២០២១ បន្ទាប់ពីរកឃើញជនជាតិវៀតណាមទាំងនោះ បានរត់ចេញពីតំបន់សេដ្ឋកិច្ចពិសេស ក្រុមហ៊ុនMDS របស់លោកឧកញ៉ា ទ្រី ភាព នៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

សមត្ថកិច្ចប៉ូលិសឃុំថ្មដា បានឱ្យដឹងថា ជនជាតិវៀតណាម ដែលត្រូវបានឃាត់ខ្លួននោះ មានឈ្មោះ៖ 

១-ប៊ួយ ចឹងតង ភេទប្រុស អាយុ៣៧ឆ្នាំ

២-ឡេ វឹងហុងគួក ភេទប្រុស អាយុ១៩ឆ្នាំ

៣-តៅ ហៀន ភេទប្រុស អាយុ៣២ឆ្នាំ 

៤-ដាំង វ៉ាំងបួន ភេទប្រុស អាយុ៣២ឆ្នាំ

៥-វៀន តាន់លីង ភេទប្រុស អាយុ២៥ឆ្នាំ។

សមត្ថកិច្ចប៉ូលិសបានឲ្យដឹងទៀតថា ក្រោយពីកម្លាំងនគរបាលស្រុកវាលវែង ដឹកនាំដោយលោកអធិការងទទួលការងារអន្តោប្រវេសន៍ បានឃាត់ខ្លួនសាកសួរ និងពិនិត្យពុំឃើញមានលិខិតឆ្លងដែនទាំងអស់ហើយក្រុមហ៊ុនMDS មិនទទួលស្គាល់យកធ្វើការវិញនោះ ពួកគេក៏ត្រូវបានបញ្ជូនបន្តមកធ្វើចត្តាឡីស័ក ១៤ថ្ងៃ នៅមណ្ឌលរលាំង និងបន្តប្រគល់ជូនសមត្ថកិច្ចអនុវត្តន៍ច្បាប់។

តាមការសាកសួរបឋម ជនជាតិវៀតណាម៥នាក់នោះ គឺមានជនជាតិវៀតណាម ម្នាក់ មិនស្គាល់ឈ្មោះជាមេខ្យល់ បាននាំចូលឱ្យមកស្នាក់នៅខេត្តព្រះសីហនុ

រយៈពេល២០ថ្ងៃកន្លងមកហើយ ដោយមិនបានស្គាល់ឈ្មោះច្រកចេញចូល បន្ទាប់មកបានបញ្ជូនមកដាក់ធ្វើការនៅកាស៊ីណូថ្មដា ចំនួន២០ថ្ងៃទៀត៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ