ចំនួនមនុស្សស្លាប់កើនដល់ ៦០នាក់ បង្កឡើងដោយគ្រោះមហន្តរាយជំនន់ទឹកភ្លៀង វាយប្រហារអឺរ៉ុបខាងលិច
(អឺរ៉ុប)៖កាលពីយប់ថ្ងៃពុធ ឈានចូលថ្ងៃព្រសហ្បតិ៍ ប្រទេសអឺរ៉ុបខាងលិចមួយចំនួន បានរងនូវគ្រោះមហន្តរាយជំនន់ទឹកភ្លៀង ធ្លាក់យ៉ាងគំហុក។រហូតមកទល់ពេលនេះ មានមនុស្សយ៉ាងតិច៦០នាក់បានស្លាប់ ដោយសារគ្រោះទឹកជំនន់ វាយប្រហារ ។នេះបើតាមសេចក្តីរាយការណ៍ដោយAFP។
ភាគច្រើននៃអ្នកស្លាប់ ត្រូវបានគេបញ្ជាក់នៅក្នុងប្រទេសអាល្លឹម៉ង់ ដោយមនុស្សរាប់សិបនាក់ផ្សេងទៀត កំពុងបាត់ខ្លួននៅទីនោះ ហើយអ្នកខ្លះជាប់លើដំបូលផ្ទះ រង់ចាំការជួយសង្គ្រោះ។ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសស្វីសនិងបែលហ្ស៊ិក ដែលមានអ្នកស្លាប់ចំនួន ៨ នាក់ ក៏រងការវាយប្រហារធ្ងន់ធ្ងរដោយសារភ្លៀងធ្លាក់ខ្លាំងផងដែរ ដែលបណ្តាលឲ្យទឹកទន្លេឡើងផុតច្រាំង និងបាក់អាងស្តុកទឹក។
អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បាននិយាយក្នុងពេលបំពេញទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោនថា “ខ្ញុំពិតជាសោកសៅ ចំពោះអ្នកដែលបាត់បង់ជីវិតក្នុងគ្រោះមហន្តរាយនេះ។ យើងនៅមិនទាន់ដឹងតួលេខនៅឡើយទេ។ ប៉ុន្តែវានឹងមានច្រើន”។
អាជ្ញាធរនៅរដ្ឋ North Rhine-Westphalia បាននិយាយថា មនុស្សយ៉ាងតិច៣០នាក់បានស្លាប់ ខណៈ២៨នាក់ ត្រូវបានរាយការណ៍នៅក្នុងរដ្ឋ Rhineland-Palatinate ភាគខាងត្បូង។ស្របពេលជាមួយគ្នានោះដែរ អាជ្ញាធរនៅតំបន់ Euskirchen ភាគខាងលិចប្រទេសអាល្លឺម៉ង់ បាននិយាយថា មានមនុស្សស្លាប់ចំនួន ៨ នាក់នៅទីនោះ។
កិច្ចខិតខំប្រឹងប្រែងជួយប្រជាជន ត្រូវបានរារាំងដោយសារទំនាក់ទំនងតាមទូរស័ព្ទនិងអ៊ិនធឺណិត ត្រូវបានកាត់ផ្តាច់នៅក្នុងតំបន់មួយនៅភាគនិរតីនៃទីក្រុង Cologne។ប៉ូលិសនៅទីក្រុងភាគខាងលិច Koblenz បាននិយាយថា មនុស្សចំនួនបួននាក់ បានស្លាប់នៅក្នុងតំបន់ Ahrweiler ហើយប្រហែល ៥០ នាក់បានជាប់នៅលើដំបូលផ្ទះរបស់ពួកគេ។ផ្ទះចំនួន ៦ ខ្នង បានបាក់រលំទាំងយប់នៅក្នុងភូមិ Schuld ខណៈមនុស្សរហូតដល់ ៧០ នាក់ត្រូវបានគេរាយការណ៍ថា កំពុងបាត់ខ្លួន៕PP