ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រីរដ្ឋ មន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ទោះបីកម្ពុជា និងពិភពលោកទាំងមូល កំពុងប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩ ប៉ុន្ដែការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា មិនបានបញ្ឈប់ទេ គ្រាន់តែយឺតយ៉ាវបន្តិចប៉ុណ្ណោះ។

ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ (Stakeholder Consultation) ស្តីពីការរៀបចំផែនការមេស្តីពី «ការតភ្ជាប់ ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្ម» នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ លោក ស៊ុន ចាន់ថុល បានថ្លែងថា «ទោះបីជាកម្ពុជា ក៏ដូចជាពិភពលោក ទាំងមូលកំពុងប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩ក៏ដោយ ក៏ការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធរបស់យើង មិនបានបញ្ឈប់ទេ ប៉ុន្តែគ្រាន់តែមានការយឺតយ៉ាវបន្តិចប៉ុណ្ណោះ ពោលគឺគ្មានគម្រោងសាងសង់ណាមួយ ត្រូវបានអាក់ខាន ឬបញ្ឈប់ដោយសារជំងឺនេះទេ»។

នាឱកាសនោះ លោករដ្ឋមន្ដ្រី ក៏បានជំរុញលើកទឹកចិត្តឲ្យអង្គប្រជុំផ្ដល់ធាតុចូលបន្ថែមទៀត ឲ្យបានផុលផុសដើម្បី ច្របាច់បញ្ជូលនូវផែនការមេរបស់យើងមុនកោះអញ្ជើញប្រជុំគណៈកម្មាធិកាជាតិភស្តុភារកម្ម នៅសប្តាហ៍ ក្រោយ និងរៀបចំស្នើសុំកម្មវិធីជួបពិភាក្សាជាមួយ លោក អូនព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិភស្តុភាកម្មកម្ពុជា ដើម្បីពិនិត្យចុងក្រោយនិងត្រៀមដាក់ផែនការមេនេះ មុននឹងដាក់ទៅគណៈរដ្ឋមន្ត្រីដើម្បីស្នើសុំការអនុម័ត លើផែនការមេស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្ម។ 

លោករដ្ឋមន្ដ្រី បន្ដថា ក្រសួងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ក្របខណ្ឌជាមួយក្រុមហ៊ុនYCH របស់ប្រទេសសឹង្ហបុរី ដោយមានការគាំទ្រពីក្រុមហ៊ុនInfrastructure Asia (IA) ដើម្បីសិក្សាគម្រោងអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ ក្នុងរយៈពេល៩ខែ និងឈានទៅ រកការចរចាកិច្ចព្រមព្រៀងសម្បទាន ហើយសង្ឃឹមថា៖ ក្នុងឆ្នាំ២០២២ខាងមុខនេះ នៅពេលកម្ពុជាធ្វើជា ម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន យើងអាចចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្បទានជាមួយក្រុមហ៊ុន YCH និងឈានទៅបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញនេះបាន។

ឆ្លៀតក្នុងឱកាសនេះ លោក ស៊ុន ចាន់ថុល បានថ្លែងអំណរគុណ ដល់ទីភ្នាក់ងារJICA និង ធនាគារពិភពលោក អង្គការUNDP ព្រមទាំងសហការីទាំងអស់ ដែលបានជួយជ្រោមជ្រែងរៀបចំ ឱ្យផែនការមេអន្តរកាលចេញជារូបរាងឡើង ដើម្បីត្រៀមច្របាច់បញ្ចូលគ្នា។

គួរកត់សម្គាល់ថា សេចក្តីព្រាងផែនការមេអន្តរកាល ស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្ម រៀបចំដោយក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធ ពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិរបស់ប្រទេសជប៉ុន(JICA) ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៨ និងទទួលបានការអនុម័តឱ្យប្រើប្រាស់កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ ដោយក្រុមប្រឹក្សា ជាតិភស្តុភារកម្ម៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ