ភ្នំពេញ ៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានឲ្យដឹងថា ប្រជាពលរដ្ឋរស់ នៅរាជធានីភ្នំពេញ មិនទាន់ចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ត្រូវស្នើសុំទៅអាជ្ញាធរ តាមមូលដ្ឋាន របស់ខ្លួន ដើម្បីចាក់វ៉ាក់សាំង ខណៈ រាជធានីភ្នំពេញ បិទបញ្ចប់ «យុទ្ធនាការជាតិចាក់វ៉ាក់សាំង ការពារកូវីដ-១៩» នាពេលថ្មីៗនេះ ។

កាលពីថ្ងៃទី៨ កក្កដា គណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ និងរដ្ឋបាល រាជធានីភ្នំពេញ បានបិទបញ្ចប់ «យុទ្ធនាការជាតិ ចាក់វ៉ាក់សាំង ការពារកូវីដ-១៩» សម្រាប់ភូមិសាស្ដ្ររាជធានី ភ្នំពេញ ហើយមាន អ្នកស្ម័គ្រចិត្តមកចាក់វ៉ាក់សាំង ចំនួន២,១៥២,៥៩៥នាក់ ក្នុងនោះ ប្រមាណ២ម៉ឺននាក់ មិនបានចាក់វ៉ាក់សាំង ដោយសារបញ្ហាសុខភាព ផ្ទាល់ខ្លួន មានន័យថា អ្នកបានចាក់សរុប (ដូសទី១) ចំនួន២,១២៨,៧៩១នាក់។

ក្នុងពិធីទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន៤លានដូស នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ លោកស្រី យក់ សម្បត្តិ បានថ្លែងថា «នៅភ្នំពេញ បានចាក់វ៉ាក់សាំង បានច្រើនណាស់ ហើយអ្នកមិនទាន់ចាក់ត្រូវស្នើសុំទៅអាជ្ញាធរ ហើយការងារ ហ្នឹងស្នើសុំឲ្យគាត់ទាក់ទងទៅអាជ្ញាធរតាមមូលដ្ឋាន របស់ពួកគាត់រៀងៗខ្លួន»។

លោកស្រីថា រាជរដ្ឋាភិបាល បាននិងកំពុងខិតខំជំរុញ ការងារចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋឲ្យបានគ្រប់ៗគ្នា ជាពិសេស ក្រោយចាក់វ៉ាក់សាំងរួច ប្រជាពលរដ្ឋក៏ត្រូវបន្ដការពារខ្លួន ដោយអនុវត្តតាមវិធានការ របស់ រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ៣ការពារ និង៣កុំ។

យោងតាមរបាយការណ៍របស់ ក្រសួងសុខាភិបាល បានឲ្យដឹងថា គិតត្រឹមថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ទូទាំងប្រទេស ចំនួន ៤,៧៩៣,១៩៧នាក់ ក្នុងនោះ លទ្ធផលចាក់វ៉ាក់សាំង គោលដៅ១០លាននាក់ បានចំនួន៤៧.៩៣% ហើយ ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ