រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ៖ ការចម្លងជំងឺកូវីដ-១៩នាបច្ចុប្បន្ន កើនឡើងលើយុវវ័យ ហើយបន្ដចម្លងទៅមនុស្សចាស់នៅផ្ទះ ដែលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជីវិត
ត្បូងឃ្មុំ ៖ លោក ម៉ម ប៊ុន ហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងថា ការចម្លងជំងឺកូវីដ១៩ នាបច្ចុប្បន្ននេះ មានសន្ទុះកើនឡើងលើយុវវ័យ ដែលក្រុមនេះបានដើរចេញក្រៅផ្ទះច្រើន ឬមានការជួបជុំមិត្តភ័ក្ត្រ ពិសាអាហារ ឬគ្រឿងស្រវឹង ដែលជាហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ១៩ ហើយបន្ដចម្លងជំងឺនេះទៅអ្នកផ្ទះ ដែលមានមនុស្សចាស់ បណ្ដាលឱ្យគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ពួកគាត់ ខ្លះដល់បាត់បង់ជីវិត។
ក្នុងឱកាសចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែក ព្រះនរោត្ដមសីហនុ ត្បួងឃ្មុំ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១នេះ លោក ម៉ម ប៊ុនហេង បានបញ្ជាក់ថា ករណីស្លាប់នៃជំងឺកូវីដ១៩ ភាគច្រើនជាមនុស្សចាស់ ដែលសុខភាពទន់ខ្សោយ និងមានជំងឺរុំារ៉ៃប្រចាំកាយស្រាប់ ដូច្នេះសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ពិសេសយុវវ័យ កុំធ្វើពិធីធំដុំ ដែលមានការជួបជុំមនុស្សច្រើន ពិសេសការផឹកស៊ីជុំគ្នា ព្រោះពេលត្រលប់ទៅផ្ទះវិញ អាចនាំយកជំងឺកូវីដនេះ ចម្លងទៅអ្នកផ្ទះ ជាពិសេសមនុស្សចាស់ ដែលងាយរងគ្រោះបំផុត។
លោក បញ្ជាក់ទៀតថា «យើងឃើញហើយថា ករណីឆ្លងនៃជំងឺកូវីដ១៩ នៅតែបន្ដកើនឡើង ជារៀងរាល់ថ្ងៃ ហើយករណីស្លាប់ក៏មានកាន់តែច្រើន ដោយភាគច្រើនជាមនុស្សចាស់ និងអ្នកមានជំងឺរុំារ៉ៃស្រាប់។ ដូចនេះ សូមលើកទឹកចិត្ដដល់យុវវ័យ កុំធ្វើពិធីធំដុំ ដែលមានមនុស្សច្រើន មានការផឹកស៊ី និងពិសាអាហាររួមគ្នាជាដើម ចៀសវាងយកជំងឺកូវីដនេះ ទៅចម្លងអ្នកផ្ទះ ដែលមាន ម្ដាយ ឪពុក តា យាយ ចាស់ជរានៅផ្ទះ»។
លោក ក៏បានអំពាវនាវដល់យុវវ័យគ្រប់រូប សូមចូលរួមអនុវត្តនូវគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានម៉ត់ចត់ និងត្រឹមត្រូវលើការពារ ៣កុំ និងកុំទៅកាន់ទីតាំងដែលមានមនុស្សច្រើន ដើម្បីការពារបុគ្គលខ្លួនឯង កុំនាំវីរុសកូវីដ-១៩ មកចូលផ្ទះ និងដើម្បីការពារសមាជិកគ្រួសាររបស់ខ្លួន ជាពិសេស ឪពុកម្តាយជីដូន ជីតា ឬអ្នកមានជំងឺប្រចាំកាយនៅក្នុងគ្រួសារ ដែលជាបុគ្គលងាយរងគ្រោះ និងប្រឈមខ្ពស់ចំពោះភាពធ្ងន់ធ្ងរនៃជំងឺ ឬឈានទៅដល់ការស្លាប់បើមានការឆ្លងនូវ វីរុសកូវីដ-១៩៕EB
អត្ថបទទាក់ទង
-
ក្រសួងសុខាភិបាលរកឃេីញជំងឺកូវីដ-១៩ចំនួន៤ករណីថ្មីទៀតសរុបទាំងអស់នៅកម្ពុជាចំនួន១០២នាក់
-
សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល
-
ចូលរួមអបអរសាទរ នៅព្រឹកនេះក្រសួងសុខាភិបាលរកឃើញអ្នកជាសះស្បើយពីកូវីដ១៩ មានចំនួន១៥នាក់បន្ថែមទៀត